ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់កម្មករនិយោជិតទាំងអស់ទៅបោះឆ្នោតឱ្យបានគ្រប់គ្នា នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃកម្ពុជា បានបន្តអំពាវនាវដល់កម្មករនិយោជិតទាំងអស់ទៅបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ ខណៈកម្មករនិយោជិតនឹងបានឈប់សម្រាក ដោយមានប្រាក់ឈ្មួលរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ខែកក្កដា រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍បែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ 

សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអំពាវនាវដល់កម្មករ-និយោជិតទាំងអស់ រួមគ្នារក្សាសន្ដិភាពរបស់ប្រទេសកម្ពុជា ពីព្រោះមានសន្ដិភាព គឺមានការអភិវឌ្ឍ។ បើគ្មានសន្ដិភាព រោងចក្រ ក៏គ្មានការងារធ្វើ ហើយសម្រាប់បងប្អូនកម្មករនិយោជិតក៏គ្មានការងារដូចគ្នាដែរ។ 

សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ម្ចាស់ផ្ទះជួល កុំដំឡើងថ្លៃផ្ទះ ក្នុងពេលកម្មករ កម្មការិនីដំឡើងប្រាក់ឈ្នួល។

ការអំពាវនាវរបស់សម្តេចតេជោ ដោយសារតែកន្លងនៅពេលដែលមានការដំឡើងប្រាក់ឈ្នួលដល់កម្មករក្នុងវិស័យកាត់ដេរ ម្ចាស់ផ្ទះជួលមួយចំនួនតែងតែឆ្លៀតឱកាសក្នុងការដំឡើងថ្លៃដែរ។ ​

សម្តេចបានថ្លែងបញ្ជាក់ថា៖ «ខ្ញុំមានការអំពាវនាវកុំឱ្យមានការដំឡើងថ្លៃផ្ទះជួល ក្នុងពេលស្ថានភាពដែលយើងដំឡើងប្រាក់បៀវត្សបានតិចតួច យកបានតិចប្រសើរជាងយកអត់បាន។ នៅតែបន្តអំពាវនាវ ព្រោះកាលពីមុនកម្មករឡើង១០ដុល្លារ ម្ចាស់ផ្ទះឡើង១៥ដុល្លារ ចឹងធ្វើម៉េចឡើងទាន់ថ្ងៃឈ្នួល?។»

សម្តេចបានកត់សម្គាល់ថា ចាប់តាំងពីសម្តេចបានអំពាវនាវ​មក ម្ចាស់ផ្ទះជួល​មួយចំនួនមានការយោគយល់មិនដំឡើងថ្លៃជួលដល់កម្មករនោះទេ ដែលផ្តល់ឱកាសឱ្យកម្មករកម្មការិនីនៅសល់ប្រាក់សមរម្យ ខណៈថ្លៃទឹក ថ្លៃភ្លើង ក៏ត្រូវរាជរដ្ឋាភិបាលបានអនុវត្តល្អប្រសើរផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖