ព័ត៌មានទាន់ហេតុការណ៍៖

លោកឯកអគ្គរដ្ឋទូតចិននិងលោកស្រី បានចូលក្រាបបង្គំគាល់និងថ្វាយព្រះពរសម្ដេចព្រះមហាក្សត្រីក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានបញ្ជាក់ថា : នាថ្ងៃទី១៤ខែមិថុនា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោកស្រី Gu Xiaojun បានធ្វើដំណើរទៅកាន់ព្រះបរមរាជវាំង ដើម្បីចូលក្រាបបង្គំគាល់និងថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល នាឱកាសដ៏នក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៧ យាងចូល ៨៨ ព្រះវស្សា។ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះស្ថាបនិកមូលនិធិមុទិតា និងលោក Zhao Haiyan អគ្គទីប្រឹក្សា, លោក Wu Guoquan អគ្គទីប្រឹក្សា និងលោក Shi Weiwei ប្រធានការិយាល័យនយោបាយនៃស្ថានទូតចិនប្រចាំកម្ពុជាមានព្រះរាជវត្តមាននិងវត្តមាននៅក្នុងពិធីខាងលើ។

លោកឯកអគ្គរដ្ឋទូតចិន បានតាំងនាមឱ្យមន្រ្តីស្ថានទូតគ្រប់រូប សូមព្រះបរមរាជានុញ្ញាតសម្តែងនូវអភិវន្ទនកិច្ច និង អំណរសាទរ ដោយស្មោះអស់ពីដួងចិត្ត ចូលរួមថ្វាយនូវព្រះសព្វសាធុការពរជ័យ បវរសួរស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ដល់សម្ដេចព្រះមហាក្សត្រី។ លោកបានរម្លឹកពីប្រវត្តិសាស្ត្រនៃចំណងមិត្តភាពរវាងចិននិងកម្ពុជាដែលត្រូវបានពូនជ្រំនិងបីបាច់ថែទាំដោយផ្ទាល់របស់ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” និងថ្នាក់ដឹកនាំចិនជំនាន់មុន។ ឯកឧត្តមមានប្រសាសន៍ថា ឆ្នាំ២០២៣នេះ គឺជាខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា និងជា”ឆ្នាំមិត្តភាពចិន-កម្ពុជា” កាលពីខែកុម្ភៈ លោកប្រធានាធិបតីចិន Xi Jinping បានចូលគាល់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី និងព្រមទាំងមានជំនួបជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងរដ្ឋធានីប៉េកាំង និងបានកំណត់កុងសុងស៊ីសសំខាន់ៗក្នុងការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជាដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ នៅក្នុងយុគសម័យថ្មី។ ចាប់តាំងពីដើមឆ្នាំ២០២៣នេះមក កិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជាលើបណ្ដាវិស័យបានបន្តលើកកម្ពស់កាន់តែស៊ីជម្រៅ។ កិច្ចសហប្រតិបត្តិការ”ខ្សែក្រវាត់និងផ្លូវ”ទទួលបានផ្លែផ្កាញឹកញាប់ឥតឈប់ឈរ ហើយគម្រោងធំៗដូចជាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតបានចាប់ផ្តើមជាបន្តបន្ទាប់។ ផលិតផលកសិកម្មនៅកម្ពុជាដែលមានគុណភាពខ្ពស់មានដូចជាម្រេចទទួលបានការអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិនជាលំដាប់លំដោយ។ ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យកីឡា ការជួសជុលចំណង់បុរាណ និងវិស័យមនុស្សសាស្រ្តផ្សេងទៀតកាន់តែស្អិតរមួត។ ឯកឧត្តមមានសេចក្តីសោមនស្សរីករាយជាខ្លាំង នៅពេលឃើញថាចំណងមិត្តភាពជាប្រពៃណីរវាងចិននិងកម្ពុជាកំពុងបង្ហាញនូវភាពរឹងមាំយ៉ាងរស់រវើកពីមួយថ្ងៃទៅមួយថ្ងៃ។

 សម្ដេចព្រះមហាក្សត្រី មានព្រះរាជបន្ទូលថា សម្ដេច”ព្រះបរមរតនកោដ្ឋ”ធ្លាប់បន្ទូលថា”មិត្តចិនគឺជាមិត្តដ៏មហិមារបស់កម្ពុជា” ហើយការលើកឡើងរបស់ព្រះអង្គខាងលើបានក្លាយទៅជាការយល់ឃើញដូចគ្នានៅក្នុងប្រទេសកម្ពុជា។ សម្ដេចព្រះមហាក្សត្រីមានព្រះរាជហឫទ័យត្រេកអរជាពន់ពេកពេលដែលទតឃើញព្រះករុណាព្រះមហាក្សត្រ និងសម្ដេចតេជោ បានបន្តព្រះរាជបណ្ដាំទាំងស្រុងរបស់សម្ដេច”ព្រះបរមរតនកោដ្ឋ” តែងស្ដេចយាងនិងចូលរួមអភិវឌ្ឍចំណងមិត្តភាពជាមួយភាគីចិន ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយចិនតែមួយ ជំរុញចំណងមិត្តភាពដែកថែបនៃប្រទេសទាំងពីរឱ្យរឹងមាំមិនអាចបំបែកបាន។ សម្ដេចព្រះមហាក្សត្រីបានថ្លែងអំណរគុណដោយស្មោះជូនចំពោះមិត្តចិនដែលតែងផ្តល់ការគាំទ្រដ៏មានតម្លៃរយៈពេលវែងក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសការជួយទាំងស្រុងរបស់ភាគីចិនដល់កម្ពុជាដែលជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ដោយជោគជ័យកាលពីពេលថ្មីៗនេះ។ ព្រះរាជវង្សានុវង្សខ្មែរ ជាមិត្តដ៏ស្មោះស្ម័គ្របំផុតរបស់ចិនជារៀងរហូត នឹងសព្វព្រះរាជហឫទ័យបន្តស្ដេចយាងអភិវឌ្ឍនិងផ្សព្វផ្សាយចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជានិងចិន បន្តផ្តល់ផលប្រយោជន៍ជូនដល់ប្រទេសនិងប្រជាជនទាំងពីរ៕

ដោយ ៖ សិលា


ចែករំលែក៖