ព័ត៌មានទាន់ហេតុការណ៍៖

លោកសៅ សុខា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងកុដិវត្តពោធិ៍ឧត្តមហៅវត្តអណ្ដូងត្របែក ស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគាំទ្រកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងកុដិវត្តពោធិ៍ឧត្តមហៅវត្តអណ្ដូងត្របែក ស្ថិតក្នុងភូមិអណ្ដូងត្របែកឃុំអណ្ដូងត្របែក ស្រុករមាសហែកនាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។

    លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានអោយដឹងថា វត្តពោធិ៍ឧត្តម ហៅវត្តអណ្ដូងត្របែក គឺជាវត្តមួយស្ថិតក្នុងចំណោមវត្តទាំង៥២ក្នុងស្រុករមាសហែកយើងនេះ មានព្រះសង្ឃសរុបចំនួន៣០២អង្គ ព្រះភិក្ខុ ១៦៩អង្គ សាមណេរ១៣៣អង្គ ព្រះគ្រូអាចារ្យ ២៣០នាក់ មានពុទ្ធិកបឋមសិក្សាចំនួន០៤ ក្នុងនោះមានពុទ្ធិកសិក្សាវត្តចន្ត្រី វត្តគ្រញូង វគ្គត្រពាំងព្រីង និងវត្តដូង មានសមណសិស្សចំនួន៨៦អង្គ/នាក់ ។

    វត្តអណ្តូងត្របែក គឺជាវត្តមួយដ៏ចំណាស់ដែលមានអាយុកាលប្រមាណជា១៥៤ឆ្នាំ ពោលគឺវត្តនេះកើតឡើងតាំងពីឆ្នាំ១៨៦៩មកម្ល៉េះ។ នៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ សម័យ ប៉ុល ពត ទីតាំងវត្តនេះត្រូវបានប្រែក្លាយទៅជាកន្លែងដាំបាយ កន្លែងទុកដាក់ស្រូវអង្ករ និងជាកន្លែងសម្រាប់ប្រជុំក្រុម។

    លោកបានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា បានសម្រេចនូវសមិទ្ធផលធំៗថ្មីៗជាច្រើនជូនជាតិមាតុភូមិ ជាពិសេសការដោះស្រាយប្រកបដោយប្រសិទ្ធភាព ដែលបង្កឡើងដោយជំងឺកូវីដ-១៩។

លោកបានបន្ថែមថា ក្នុងនោះដែរក្រោម ការជួយឧបត្ថម្ភគាំទ្រពីក្រសួង ស្ថាប័នថ្នាក់ជាតិ ជាពិសេសក្រោមការចង្អុលណែនាំផ្ទាល់ពីលោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគាំទ្រកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក បានខិតខំប្រមូលផ្តុំគំនិតស្មារតីដឹកនាំធ្វើការអភិវឌ្ឍស្រុកនិងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សា ធារណៈ បន្តនិរន្តរភាពរដ្ឋបាល និងផ្ដល់ការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងបានយកចិត្តទុកដាក់ពង្រឹងការអនុវត្តច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនានា ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ជាពិសេសយុទ្ធសាស្ត្រគន្លឹះ និងវិធានការដ៏មុតស្រួចរបស់លោក ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែកផងដែរ។

   ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា  អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀងនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក និងជាប្រធានក្រុមការងារគាំទ្រកម្មវិធីនយោបាយចុះមូលដ្ឋានស្រុករមាសហែកបាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាក៏ដូចជាសម្ដេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀងដល់លោកតាលោកយាយបងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូសិស្សានុសិស្សដែលបានចូលរួមនាពេលនេះផងដែរ។

    លោក សៅ សុខា ក៏បានជំរុញដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ៧ ចំណុច ពិសេសភូមិឃុំមិនមានល្បែងស៊ីសង ភូមិឃុំមិនមានគ្រោះថ្នាក់ចរាចរណ៍ និងសូមថែទាំសុខភាពជាចម្បងពិសេសត្រូវបន្តអនុវត្ត ៣កុំ៣ ការពារ ដើម្បីទប់ស្កាត់ពីជំងឺកូវីដ-១៩ ដែលបានផ្ទុះឡើងវិញ និងនាំគ្នាទៅចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាននិងដូសជំរុញ តាមការណែនាំរបស់រាជរដ្ឋាភិបាល ពិសេសរដូវនេះជារដូវវស្សាហើយសូមពុកម៉ែបងប្អូនចូលរួមបង្កបង្កើនផលធ្វើស្រែចម្ការនិងដាំដំណាំហូបផ្លែផ្សេងៗសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃដល់ក្រុមគ្រួសារផងដែរ។

     បន្ទាប់មក លោកសៅ សុខា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមនាំគ្នាទៅបោះឆ្នោតនាថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣នាពេលខាងមុខ និងស្នើដល់ប្រជាពលរដ្ឋត្រូវពិនិត្យរាល់ឯកសារបោះឆ្នោត បើខូចឬបាត់ត្រូវរាយការណ៍ជូនស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចឱ្យទាន់ពេលវេលា ពិសេសកុំភ្លេចបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ ដែលមានរូបទេវតាបាចផ្កា ជាសញ្ញាសំគាល់៕

ដោយ៖ សុថាន


ចែករំលែក៖