ព័ត៌មានទាន់ហេតុការណ៍៖

កីឡាការិនីកម្ពុជា បូ សំណាង មកដល់អាកាសយានដ្ឋានអន្តរជាតិ ទីក្រុងហូជីមិញ ដើម្បីទទួលពានរង្វាន់ការបំផុសគំនិតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២

ចែករំលែក៖

ប្រទេសវៀតណាម ៖ កីឡាការិនីកម្ពុជា បូ សំណាង បានមកដល់អាកាសយានដ្ឋានអន្តរជាតិ ទីក្រុងហូជីមិញ ដើម្បីទទួលពានរង្វាន់ការបំផុសគំនិតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ពីកាសែតយុវវ័យវៀតណាម។ នេះបើយោងតាមប្រភពពី AKP នៅហូជីមិញ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ។ 

    កីឡាការិនីកម្ពុជា បូ សំណាង បានមកដល់អាកាសយានដ្ឋានអន្តរជាតិ តាន់ស៊ុនញឹក ទីក្រុងហូជីមិញ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីទទួលពានរង្វាន់ការបំផុសគំនិតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលកន្លងមក ពីកាសែតយុវវ័យវៀតណាម (Tuoi Tre) ដែលមានស្នាក់ការនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

    សូមបញ្ជាក់ថា : កីឡាការិនីរត់ប្រណាំង បូ សំណាង ព្យាយាមរត់៥គីឡូម៉ែត្រទាំងមេឃកំពុងធ្លាក់ភ្លៀង ផ្គរ និងខ្យល់កន្ត្រាក់ខ្លាំង ដោយនាងមិនឈប់ឡើយ ទោះបីចាញ់គេច្រើនជុំក៏ដោយ ក៏នាងតស៊ូរហូតដល់ទីដែរ។ 

    សកម្មភាពរបស់កីឡាការិនីរត់ប្រណាំង បូ សំណាង ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ និងបង្ហោះព្រោងព្រាត ពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកតាំងពីព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ កាន់តែមានការបង្ហោះ លើ facebook ភាគច្រើន ជាសារកោតសរសើរ ផ្តល់កម្លាំងចិត្តដល់នាង ។ 

    ដោយឡែក កាសែតវៀតណាមនិងកាសែតថៃបានផ្តិតយកសកម្មភាពភាពរត់ចម្ងាយនេះ សរសេរពីភាពតស៊ូរបស់នាង រហូតដល់គោលដៅ ទោះចាញ់ក៏ដោយ ក៏នាងមិនបោះបង់ការរត់ បញ្ឈប់កណ្តាលទីឡើយ។ 

   មានអ្នកខ្លះបានបង្ហោះថា “នេះជាមេរៀនដែលខ្ញុំបានរៀនពី សំណាង” ៖ 

-ទោះបីជាគោលដៅនៅឆ្ងាយ​ នាងទៅទាល់តែដល់ទោះយឺតជាងអ្នកដទៃ​ ។

-ប្រឹងប្រែងទៅមុខ​ មិនបោះបង់​ មិនថាជួបឧបសគ្គបែបណា

-ដំណេីរដ៏វែងឆ្ងាយនៃជីវិត​អ្នកនឹងជួបឧបសគ្គគ្រប់បែបយ៉ាង​ ព្យុះភ្លៀង​ បង្រៀនយេីងអោយជម្នះទៅមុខទៀត​ 

-អ្នកអាចយំបាន​ តែអ្នកមិនត្រូវចុះចាញ់ជាដាច់ខាត

-ដល់គោលដៅមុន​ ឬក្រោយ​ មិនសំខាន់​ កាលដែលសំខាន់​ មិនបោះបង់គោលដៅខ្លួនឯងពាក់កណ្តាលទី។ 

ជីវិតយេីងម្នាក់ៗដូចការរត់ប្រណាំង​ ឆ្លងកាត់ភ្លៀងព្យុះ​ ដូច​ បូ​ សំណាងបែបនេះឯង។ 

    បូ សំណាង រត់មកដល់ទីក្រោយគេ លើកទង់ជាតិកម្ពុជារបស់នាងទាំងទឹកភ្នែក ពេលមេឃកំពុងភ្លៀង ផ្គរ ខ្យល់កន្ត្រាក់ខ្លាំង ។ សូមជូនពរដល់កីឡាការិនី​  បូ សំណាង នឹងយកជ័យជម្នះសម្រាប់ពេលក្រោយៗទៀត។ អ្នកមានបេះដូងធំទូលាយ ប្រទេសជិតខាង ត្រូវបានអ្នកប្រមូលបេះដូងបានអស់ហើយ ចំពោះប្រជាពលរដ្ឋជាតិយើងវិញ ពិតរំភើបចិត្ត គាំទ្រអ្នកខ្លាំងបំផុត ៕ 

រូបថត៖ កាសែត Tuoi Tre


ចែករំលែក៖