ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២៣ វេលាម៉ោង៨ ព្រឹកនៅវិមានព្រឹទ្ធសភាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះ រាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ ខ្ពស់ដឹកនាំសម័យប្រជុំលើកទី១០ព្រឹទ្ធសភា នីតិកាលទី៤ ដោយមានវត្តមានសមាជិក សមាជិកាព្រឹទ្ធសភាចូលរួមចំន៦០រូប។
អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈ៖
១-ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។
២-ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ។
តំណាងរាជរដ្ឋាភិបាលដែលបានអញ្ជើញចូលរួមការពារសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុ កូលដ្ឋាន និងអត្តសញ្ញាណកម្ម រួមមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អមដោយថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញចំនួន០៤រូប។
តំណាងរាជរដ្ឋាភិបាលដែលបានអញ្ជើញចូលរួមការពារសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញរួមមាន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអមដោយថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញចំនួន១០រូប។
សេចក្តីព្រាងច្បាប់នៅក្នុងរបៀបវារៈទី១ ត្រូវបានលោកសុខ ឥសាន ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា ឡើងធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំព្រឹទ្ធសភាបានជ្រាបអំពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីពា្រងច្បាប់។
ចំពោះសេចក្តីព្រាងច្បាប់នៅក្នុងរបៀបវារៈទី២ ត្រូវបាន លោក គង់ សារាជ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភាឡើងធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំព្រឹទ្ធសភាបានជ្រាបអំពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីពា្រងច្បាប់។
បន្ទាប់ពីសមាជិកព្រឹទ្ធសភាឡើងមានយោបល់ និងលើកជាសំណូមពរ និងសំណួរសុំការបំភ្លឺមក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោមប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានឡើងបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងអនុម័តយល់ព្រមដោយឥតកែប្រែលើខ្លឹមសារទាំងមូលនៃសេចក្តីព្រាង
ច្បាប់ទាំង២ខាងលើក្នុងចំនួន៦០សម្លេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល…៕
ដោយ៖ សូរិយា