ព័ត៌មានទាន់ហេតុការណ៍៖

ចិនចុះកិច្ចព្រមព្រៀងសាងសង់រោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លែអ៊ែរឱ្យប៉ាគីស្ថានមានតម្លៃជិត ៥ពាន់លានដុល្លារ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣នេះបានផ្សាយថា ប្រទេសប៉ាគីស្ថាននិងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ៤.៨ពាន់លានដុល្លារ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដែលមានកម្លាំង ១,២០០មេហ្គាវ៉ាត់ ដោយលោកនាយករដ្ឋមន្រ្តី សេហ៍បាស់ សារីហ្វ (Shehbaz Sharif) ចាត់ទុកថា ជាការវិនិយោគរបស់ប្រទេសមួយដែលជាសម្ព័ន្ធមិត្តអាចទុកចិត្តបានបំផុតរបស់ប៉ាគីស្ថាន។
ថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋ លោក សារីហ្វ បានឱ្យដឹងថា ការងារលើគម្រោង Chashma 5 នឹងចាប់ផ្តើមភ្លាមៗ បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MOU) រវាងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរជាតិចិន និងគណៈកម្មការថាមពលបរមាណូប៉ាគីស្ថាន។ គម្រោង Chashma 5 នឹងត្រូវសាងសង់នៅក្នុងខេត្តពុនចាប់ (Punjab)។ ការគាំទ្ររបស់ចិននឹងជួយឲ្យប៉ាគីស្ថានចេញកាន់តែឆ្ងាយពីការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។
លោក សារីហ្វ បានគូសបញ្ជាក់ថា «ការវិនិយោគពីប្រទេសចិនក្នុងគម្រោងដែលមានតម្លៃរហូតដល់ ៤.៨ពាន់លានដុល្លារនេះ គឺផ្ញើសារយ៉ាងច្បាស់លាស់ថា ប៉ាគីស្ថានគឺជាកន្លែងដែលក្រុមហ៊ុននិងអ្នកវិនិយោគចិនបន្តបង្ហាញការជឿជាក់ និងជំនឿចិត្តរបស់ពួកគេ»។
សមត្ថភាពផលិត ថាមពលនុយក្លេអ៊ែរសរុបរបស់ប៉ាគីស្ថានបានកើនឡើងដល់ ១,៤០០មេហ្កាវ៉ាត់ នៅពេលដែលរោងចក្រថាមពលនុយក្លេអ៊ែរទី ៦របស់ខ្លួនបានបើកដំណើរការកាលពី ២ឆ្នាំមុន។ ក្នុងនោះ រោងចក្រថាមពលកម្លាំង ១,១០០មេហ្គាវ៉ាត់ ដែលមានទីតាំងនៅទីក្រុងការ៉ាឈី (Karachi) ក៏ត្រូវបានសាងសង់ឡើងដោយមានជំនួយពីប្រទេសចិនផងដែរ៕ ដោយ៖ ធីរីណា

រូប​ថត​៖ MM NEWS


ចែករំលែក៖