ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជាជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល តំណាងឱ្យមន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ដែលបានរួមចំណែកប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្រោមការដឹកនាំផ្ទាល់ដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះរៀបចំនៅសាលាខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ដែលមានការអញ្ជើញចូលរួមពី លោកថ្នាក់ដឹកនាំក្រសួងសុខាភិបាល ព្រមទាំង លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ព្រមទាំងលោក លោកស្រី មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល។
សូមបញ្ជាក់ថា , គិតត្រឹមថ្ងៃទី២១ ខែមិថុនានេះ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៩៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៣៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៨៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤៣,០២% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨២,៩៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៥៨% ៕
ដោយ ៖ សិលា