ព័ត៌មានទាន់ហេតុការណ៍៖

សម្ពោធសាលាយុត្តិធម្មថ្មីជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៩កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌ ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

   តាមលោកកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឱ្យដឹងថា អគារសាលាយុត្តិធម្មនេះជាទីតាំងបម្រើការងាររបស់សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងរបស់ សាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ 

    តាមរយៈសមិទ្ធផលនាពេលនេះគឺជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់សម្ដេចតេជោ នាយករដ្ឋមន្ត្រី សម្រាប់វិស័យយុត្តិធម៌ ដែលជាសសរស្តម្ភមួយដ៏សំខាន់នៃសង្គមនីតិរដ្ឋ ព្រមទាំងជាការលើកទឹកចិត្តដ៏សំខាន់បំផុតសម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៅក្នុងវិស័យយុត្តិធម៌ទាំងមូល ទាំងនៅក្រសួងយុត្តិធម៌ ទាំងនៅតាមសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ក្នុងការបន្តអនុវត្តការងាររបស់ខ្លួនឱ្យកាន់តែសកម្ម និងកាន់តែមានប្រសិទ្ធភាពបន្តទៀតក្នុងការ បម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ជាពិសេសការបន្តគាំទ្រកាន់តែសកម្មថែមទៀតនូវកម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ ព្រមទាំងការពង្រឹងជំនឿទុកចិត្តពីប្រជាពលរដ្ឋនិងសាធារណជនលើវិស័យនេះ។

    ដោយសារទីតាំងបម្រើការងាររបស់សាលាដំបូងរាជធានីភ្នំពេញនិងរបស់សាលាឧទ្ធរណ៍ភ្នំពេញមានទំហំតូច ហើយស្ថានភាពទីតាំងមិនអាចពង្រីកទីកន្លែងធ្វើការងារបាន ក៏ដូចជាមិនមានចំនួនសាលសវនាការគ្រប់គ្រាន់ដើម្បីអាចឆ្លើយតបបានទៅនឹងតម្រូវការនៃការងារជាក់ស្ដែង, សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសម្រេចផ្តល់ដីមួយកន្លែងទំហំ ៩ ៤៥៦ ម៉ែត្រក្រឡា ស្ថិតនៅតាមបណ្ដោយផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា   រាជធានីភ្នំពេញ (ក្នុងតំបន់អភិវឌ្ឍន៍ OCIC) និងបានអនុញ្ញាតមានការសាងសង់នូវអគារសាលាយុត្តិធម្មថ្មីដ៏ធំមួយនៅលើទីតាំងដីនេះដែលនឹងក្លាយជាកន្លែងបំពេញការងាររួមរបស់សាលាដំបូងរាជធានីភ្នំពេញនិងសាលាឧទ្ធរណ៍ភ្នំពេញ ព្រមទាំងអង្គការអយ្យការអមសាលាជម្រះក្តីទាំងពីរនេះ។ 

    អគារសាលាយុត្តិធម្មថ្មីនេះ ត្រូវបានគិតគូរសាងសង់ឡើងទៅតាមទម្រង់ជាអគារសាលាជម្រះក្តីដែលខុសពីអគាររដ្ឋបាលធម្មតា ហើយដោយយកតាមលំនាំអគារសាលាយុត្តិធម្មដែលជាអតីតសាលាវិនិច្ឆ័យរបស់កម្ពុជាក្នុងរាជ្យព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ តាំងពីឆ្នាំ១៩២៥ ហើយបច្ចុប្បន្នជាអគារទីស្តីការក្រសួងយុត្តិធម៌។ 

    អគារសាលាយុត្តិធម្មថ្មីដ៏ស្កឹមស្កៃនេះ មានបណ្តោយ៦២ម៉ែត្រ ទទឹង៦០ម៉ែត្រ កម្ពស់៨ជាន់ និងមានផ្ទៃក្រឡាសរុបប្រមាណ ២៣ ០៣៥ ម២ ព្រមទាំងបំពាក់នូវប្រព័ន្ធបណ្តាញតភ្ជាប់ផ្នែកបច្ចេកវិទ្យា សម្រាប់បម្រើការងារក្នុងបរិបទនៃការធ្វើឌីជីថលលូបនីយកម្មនាពេលខាងមុខផងដែរ។ 

   ការសាងសង់អគារនេះបានប្រើរយៈពេល២ឆ្នាំនិង៦ខែ និងបានប្រើប្រាស់ថវិកាសរុបប្រមាណ ១៤,៦លានដុល្លារអាមេរិក និងអនុវត្តគម្រោងសាងសង់ដោយក្រុមហ៊ុន លី ឈួង សំណង់ & អាហរ័ណ នីហរ័ណ។

    អគារសាលាយុត្តិធម្មថ្មីនេះបែងចែកជាពីរផ្នែក ដោយមួយផ្នែកជាទីតាំងបម្រើការងារថ្មីរបស់សាលាដំបូងរាជធានីភ្នំពេញ និងមួយផ្នែកទៀតជាទីតាំងបម្រើការងារថ្មីរបស់សាលាឧទ្ធរណ៍ភ្នំពេញ។ 

    ការរៀបចំទីកន្លែងបំពេញការងារនៅកន្លែងតែមួយនេះ គឺ យកលំនាំតាមការរៀបចំតុលាការដូចនៅប្រទេសបារាំង ហៅថា “វិមានយុត្តិធម៌” (Palais de Justice) ដើម្បីប្រមូលផ្ដុំការផ្តល់សេវាយុត្តិធម៌ឱ្យនៅជាមួយគ្នា ងាយស្រួលសម្រាប់អ្នកប្រើប្រាស់សេវានេះ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖