ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌ ដែលមានទីតាំងស្ថិតនៅ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន មានដូចខាងក្រោមនេះ៖
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ហេដ្ឋារចនាសម្ព័ន្ធថ្មី «អគារសាលាយុត្ដិធម្ម» នឹងផ្ដល់លទ្ធភាពដល់សាលាជម្រះក្ដី និងអយ្យការអមសាលាជម្រះក្ដី គឺសាលាដំបូង និងសាលាឧទ្ធរណ៍ភ្នំពេញ អាចពន្លឿនចំណាត់ការលើសំណុំរឿងបានកាន់តែឆាប់រហ័ស ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីបញ្ចៀសបានការកកស្ទះសំណុំរឿង និងស្ថានភាពការពន្យារពេលយូរពេកក្នុងការផ្ដល់យុត្តិធម៌ មានន័យស្នើនឹងការបដិសេធមិនផ្ដល់យុត្តិធម៌។
សម្ដេចតេជោ ថ្លែងថា កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺជាកិច្ចការអាទិភាពនៅក្នុងរបៀបវារៈ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសំដៅលើកកម្ពស់អភិបាលកិច្ចល្អ និងនីតិរដ្ឋ សម្រាប់គ្រប់គ្រង និងដឹកនាំរដ្ឋស្របតាមគោលការណ៍ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា។
សម្ដេចតេជោ ថ្លែងផ្ដល់អនុសាសន៍ដើម្បីលើកកម្ពស់គុណភាពនៅក្នុងការជម្រះក្ដីឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ត្រូវដោះស្រាយវិវាទឱ្យបានឆាប់ កាត់បន្ថយការកកស្ទះសំណុំរឿងនៅក្នុងតុលាការ ជួយផ្សះផ្សារការខ្វែងគំនិតគ្នារវាងគូភាគី ដើម្បីបង្កើនសាមគ្គីភាព និងភាពសុខដុរមនាឱ្យបានល្អប្រសើរ។
សម្ដេចតេជោ ថ្លែងថា ការយឺតយ៉ាវក្នុងការកាត់ក្ដីជូនប្រជាពលរដ្ឋ មិនត្រឹមតែមិនបានផ្ដល់យុត្តិធម៌ដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្ដែវាជាភាពអយុត្តិធម៌សម្រាប់ជនជាប់ចោទថែមទៀតផង ដូចជាករណីឃុំខ្លួនជនជាប់ចោទដែលមិនទាន់បានជម្រះក្ដីជាដើម។ ដូច្នេះសម្ដេចតេជោតម្រូវឱ្យចៅក្រមត្រូវដោះស្រាយករណីនេះឱ្យបានល្អ កុំឱ្យដូចពេលមុនៗទៀត។
សម្ដេចតេជោ ថ្លែងថា វិធីដោះស្រាយវិវាទក្នុងសង្គម មិនមែនមានតែការកាត់ក្ដីមួយប៉ុណ្ណោះទេ ការសម្រុះសម្រួល និងការផ្សះផ្សារដោះស្រាយវិវាទ គឺជាវិធីដោះស្រាយប្រកបដោយប្រសិទ្ធភាព គឺគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ ធានាបាននូវសុខដុមរម្យនានៅសង្គម។
សម្ដេចតេជោ ថ្លែងថា ដំណោះស្រាយដែលប្រជាជនចង់បានបំផុតនៅក្នុងសង្គមពេលមានវិវាទ កើតឡើងគឺជាដំណោះស្រាយមួយឆាប់រហ័ស និងអាចទទួលយកបាន។ ករណីវិវាទ ដែលមិនអាចសម្របសម្រួលបាន គឺចាំបាច់ត្រូវដោះស្រាយតាមផ្លូវតុលាការ។
សម្តេចតេជោ ប្រកាសណែនាំឱ្យក្រសួងយុត្តិធម៌ក្តាប់ឱ្យជាប់នូវបទល្មើសព្រហ្មទណ្ឌ ខណៈបទល្មើសនេះបានកំពុងកើតមានឡើងនៅកម្ពុជា ជាពិសេសចំពោះជនជ្រុលនិយមមួយចំនួន។
សម្ដេចតេជោ ប្រកាសលើកទឹកចិត្តតួនាទីចៅក្រមឱ្យកាន់តែសកម្មក្នុងការដោះស្រាយវិវាទ រវាងគូភាគីឱ្យកាន់តែឆាប់ ដោយមិនត្រូវទុកឯកសារកាត់ក្ដីរយៈពេលយូរឡើយ។
សម្ដេចតេជោ លើកទឹកចិត្តដល់ចៅក្រមទាំងអស់ប្រើប្រាស់វិធីសាស្រ្ដក្នុងការសម្របសម្រួល ដោះស្រាយវិវាទទាំងខាងក្រៅ និងខាងក្នុងតុលាការ ចៀសជាងបញ្ជូនសំណុំរឿងក្ដីទៅកាត់នៅតុលាការ។
សម្ដេចតេជោ ប្រកាសណែនាំដល់ចៅក្រមទាំងអស់យកវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយការពិនិត្យជាមុនលើបញ្ហារបស់គូភាគីរងវិវាទ រកវិធីដោះលើចំណុចត្រូវគ្នា ដើម្បីឈានទៅដោះស្រាយបញ្ហាឱ្យទទួលបានជោគជ័យស្របតាមគោលការឈ្នះឈ្នះទាំងអស់គ្នា។
ជាមួយគ្នានេះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឱ្យដឹងថា អគារសាលាយុត្តិធម្ម នេះជាទីតាំងបម្រើការងាររបស់សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងរបស់ សាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។
តាមរយៈសមិទ្ធផលនាពេលនេះគឺជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់សម្ដេចតេជោ នាយករដ្ឋមន្ត្រី សម្រាប់វិស័យយុត្តិធម៌ ដែលជាសសរស្តម្ភមួយដ៏សំខាន់ នៃសង្គមនីតិរដ្ឋ ព្រមទាំងជាការលើកទឹកចិត្តដ៏សំខាន់បំផុតសម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៅក្នុង វិស័យយុត្តិធម៌ទាំងមូល ទាំងនៅក្រសួងយុត្តិធម៌ ទាំងនៅតាមសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តី គ្រប់ជាន់ថ្នាក់ ក្នុងការបន្តអនុវត្តការងាររបស់ខ្លួនឱ្យកាន់តែសកម្ម និងកាន់តែមានប្រសិទ្ធភាពបន្តទៀតក្នុងការ អនុវត្តការងាររបស់ខ្លួន បម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ជាពិសេសការបន្តគាំទ្រកាន់តែសកម្មថែមទៀត នូវកម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាយុត្តិធម៌ ព្រមទាំងការពង្រឹងជំនឿទុកចិត្តពីប្រជាពលរដ្ឋ និងសាធារណជនលើវិស័យនេះ។
អគារសាលាយុត្តិធម្មថ្មីនេះ បែងចែកជាពីរផ្នែកដោយមួយផ្នែកជាទីតាំងបម្រើការងារថ្មីរបស់សាលាដំបូង រាជធានីភ្នំពេញ និងមួយផ្នែកទៀតជាទីតាំងបម្រើការងារថ្មីរបស់សាលាឧទ្ធរណ៍ភ្នំពេញ។ ការរៀបចំទីកន្លែង បំពេញការងារនៅកន្លែងតែមួយនេះ គឺយកលំនាំតាមការរៀបចំតុលាការដូចនៅប្រទេសបារាំង ហៅថា “វិមាន យុត្តិធម៌” (Palais de Justice) ដើម្បីប្រមូលផ្ដុំការផ្តល់សេវាយុត្តិធម៌ឱ្យនៅជាមួយគ្នា ងាយស្រួលសម្រាប់អ្នកប្រើប្រាស់សេវានេះ៕
ដោយ៖ ស តារា