ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ មិថុនា ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ សូមក្រាបថ្វាយបង្គំសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ! សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី!

បងប្អូនកូនក្មួយ ជនរួមជាតិទាំងអស់ជាទីស្រលាញ់!

ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមជាភាគីហត្ថលេខីនៃអនុសញ្ញានិងពិធីសារ របស់អង្គការសហប្រជាជាតិពាក់ព័ន្ធនឹងគ្រឿងញៀន ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមសម្តែងនូវមនោសញ្ចេតនា រីករាយ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីបន្តដាស់តឿន ក្រើនរំលឹកដល់ជនគ្រប់រូបឱ្យយល់ដឹងកាន់តែច្បាស់អំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ក៏ដូចជាដើម្បីបង្ហាញឱ្យឃើញពីឆន្ទៈដ៏មោះមុតក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមការប្តេជ្ញាចិត្តនិងកម្មវិធីនយោបាយដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្រាប់ឆ្នាំ២០២៣នេះ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ “ប្រជាជនជាចម្បង ៖ បញ្ឈប់ការរើសអើង និងការមាក់ងាយអ្នកញៀនគ្រឿងញៀន, ពង្រឹងការងារ អប់រំបង្ការ (“People first: stop stigma and discrimination, strengthen prevention)” ក្នុងគោលបំណងផ្ដោតការ យកចិត្តទុកដាក់ឱ្យកាន់តែស៊ីជម្រៅតាមរយៈការផ្ដល់អាទិភាពដល់ប្រជាជនឬការចាត់ទុកប្រជាជនជាមូលដ្ឋានក្នុង ការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រផែនការសកម្មភាព និងវិធានការផ្សេងៗទៀតពាក់ព័ន្ធនឹងការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ជាមួយនេះ ក៏ទាមទារឱ្យមានការគិតគូរអំពីផលប៉ះពាល់ជាអវិជ្ជមាននៃការរើសអើង និងការមាក់ងាយចំពោះអ្នកញៀនគ្រឿងញៀន ព្រមទាំងពង្រឹងសកម្មភាពអប់រំផ្សព្វផ្សាយឱ្យបានកាន់តែទូលំ ទូលាយថែមទៀត។ ម្យ៉ាងវិញទៀត ប្រធានបទសម្រាប់ឆ្នាំនេះ ក៏មានបំណងលើកទឹកចិត្តឱ្យផ្ដល់អំណាច និង ការទទួលខុសត្រូវដល់អាជ្ញាធរមូលដ្ឋាននិងយុវជន ដើម្បីម្ចាស់ការដឹកនាំការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុង សហគមន៍មូលដ្ឋានរបស់ខ្លួន។

ជនរួមជាតិទាំងអស់ ជាទីស្នេហា!

រហូតមកទល់ពេលនេះ គ្រឿងញៀននៅតែជាបញ្ហាសង្គមមួយដែលមានលក្ខណៈស្មុគស្មាញ និងបានបង្ក ផលប៉ះពាល់ដល់សុខុមាលភាពមនុស្សរាប់លាននាក់ ប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គមនៃបណ្តាប្រទេសស្ទើរតែទាំងអស់នៅលើសកលលោក។ យោងតាមរបាយការណ៍គ្រឿងញៀន ពិភពលោករបស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC) សភាពការណ៍គ្រឿងញៀន ទាំងក្នុងក្របខ័ណ្ឌតំបន់និងអន្តរជាតិ នៅតែមានរូបភាពវិវត្តន៍ប្រែប្រួល ស្មុគស្មាញ និងគ្រោះថ្នាក់បំផុត ដោយក្រុមឧក្រិដ្ឋជននៅតែបន្ដធ្វើសកម្មភាពខ្លាំងក្លា ប្រើប្រាស់គ្រប់មធ្យោបាយនិងល្បិចកល លួចលាក់ផលិត ចរាចរ និងជួញដូរគ្រឿងញៀន ពីកន្លែងមួយទៅកន្លែងមួយ ពីប្រទេសមួយទៅប្រទេសមួយ និង ពីតំបន់មួយទៅតំបន់មួយទៀត ដើម្បីបំពេញមហិច្ឆតារបស់ខ្លួន ហើយបង្កនូវសោកនាដកម្មដល់ជីវភាពរស់នៅ របស់ប្រជាជនរាប់លាននាក់នៅលើសកលលោក។

ស្ថានភាពបែបនេះនៅតែបន្តការគំរាមកំហែងនិងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្ពុជា។ ជាក់ស្ដែងក្រុមឧក្រិដ្ឋជន នៅតែបន្តលួចលាក់ចរាចរគ្រឿងញៀនយ៉ាងសកម្មឆ្លងកាត់ព្រំដែន ទាំងតាមផ្លូវគោក ផ្លូវទឹក បញ្ញើប្រៃសណីយ៍ និងតាមផ្លូវអាកាសរហូតឈានដល់ការធ្វើសកម្មភាពរក្សាទុកនិងកែច្នៃផលិតគ្រឿងញៀនខុសច្បាប់ ដើម្បីចែកចាយ នៅផ្ទៃក្នុងប្រទេសមុននឹងចរាចរបន្តទៅប្រទេសទីបីទៀត។ សកម្មភាពទាំងនេះ បានជះឥទ្ធិពលអវិជ្ជមានដល់ កម្ពុជា ធ្វើឱ្យប្រជាជនយើងមួយចំនួនចាញ់កលល្បិច ធ្លាក់ខ្លួនទៅពាក់ព័ន្ធនឹងការប្រព្រឹត្តិបទល្មើស ក្នុងនោះក៏មាន មួយចំនួនបានក្លាយទៅជាអ្នកញៀនគ្រឿងញៀន បង្កការលំបាកធ្ងន់ធ្ងរដល់ខ្លួនឯង គ្រួសារ និងសហគមន៍ដូចជា អំពើហិង្សាក្នុងគ្រួសារ ចោរកម្ម ឧក្រិដ្ឋកម្មប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍធនធាន មនុស្សជាដើម។

ឆ្លើយតបនឹងបញ្ហាទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជា សេនាធិការ បានខិតខំតស៊ូយ៉ាងប្តូរផ្តាច់និងអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់នូវផែនការយុទ្ធសាស្ត្រស្តីពី ការត្រួតពិនិត្យគ្រឿងញៀន គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បទបញ្ជាលេខ០០១ ស្តីពីការពង្រឹង វិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន ផែនការភូមិ ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន និងគោលការណ៍ណែនាំស្តីពី ការពង្រឹងប្រសិទ្ធភាពការងារព្យាបាលនិងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។ ជាមួយនោះផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល ដែលដឹកនាំបញ្ហាផ្ទាល់ដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈផងដែរ។ ជាក់ស្តែង ក្នុងឆ្នាំ២០២២កន្លងទៅ បទល្មើសគ្រឿងញៀនបង្ក្រាបបានមានចំនួន ៦ ៣៩០ករណី គឺមានការកើនឡើង ប្រមាណ១,៣% បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ ដែលក្នុងនោះគ្រឿងញៀនគ្រប់ប្រភេទជិត១៥តោន កើន ប្រមាណជាង៣ដង និងសារធាតុគីមីផ្សំជាង ៥០៤តោនកើនប្រមាណ ៤៩៤,១៨% ត្រូវបានរឹបអូសបាន និង ធ្វើការដុតបំផ្លាញចោលនៅក្នុងថ្ងៃប្រារព្ធទិវាអន្តរជាតិនេះនៅរាជធានីភ្នំពេញ និងនៅតាមខេត្តគោលដៅមួយចំនួន ហើយជនសង្ស័យចំនួន ១៥ ០០២នាក់ ត្រូវបានឃាត់ខ្លួន ដែលក្នុងនោះមួយចំនួនត្រូវបានបញ្ចូនទៅតុលាការ។

សូមអានខ្លឹមសារ  សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ មិថុនា ឆ្នាំ២០២៣ ទាំងស្រុងដូចខាងក្រោម ៕

ដោយ ៖ សិលា


ចែករំលែក៖