ខេត្តកំពង់ស្ពឺ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា យើង ត្រូវហ៊ានចង្អុលមុខអ្នកនយោបាយចង្រៃជ្រុលនិយមដែលបំផ្លាញឆ្នាំងបាយកម្មករ និងត្រូវបំបាត់នយោបាយជ្រុលនិយមបំផ្លាញផលប្រយោជន៍ជាតិ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អ្នកនយោបាយជ្រុលនិយម តែងតែដើរអំពាវនាវឱ្យបរទេសកុំមកវិនិយោគនៅកម្ពុជា កុំឱ្យបរទេសទិញទំនិញពីកម្ពុជា កុំផ្តល់ជំនួយមកកម្ពុជា និងដាក់ទណ្ឌកម្មមកលើប្រទេសកម្ពុជាជាដើម។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងរក្សាការវិនិយោគចាស់ និងបង្កើនការវិនិយោគថ្មីៗដើម្បីជាផលប្រយោជន៍ដល់ប្រជាជន ជាពិសេសគឺខិតខំថែរក្សាការពារសន្តិភាព និងស្ថិរភាពនយោបាយដើម្បីប្រទេសកម្ពុជាអាចបន្តការអភិវឌ្ឍទៅមុខ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីជនចង្រៃនៅក្រៅស្រុក ដែលតែងធ្វើសកម្មភាពនយោបាយបំផ្លាញឆ្នាំងបាយកម្មករ-កម្មការិនី ដូចជា៖ កុំឱ្យវិនិយោគិនមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ,កុំឱ្យគេទិញផលិតផលពីកម្ពុជា និងឱ្យអន្តរជាតិដាក់ទណ្ឌកម្មលើកម្ពុជាជាដើម។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការដែលសម្តេចចុះសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនីនៅតាមបណ្តារោងចក្រនានាដោយផ្ទាល់នាពេលបន្តបន្ទាប់នេះ គឺគ្មានអ្វីក្រៅពីពិនិត្យវឌ្ឍនភាពនៅតាមរោងចក្រ សួរសុខទុក្ខ និងរកដំណោះស្រាយជូនដល់បងប្អូនកម្មករ -កម្មការិនីឱ្យបានឆាប់រហ័សនោះទេ ៕
ដោយ ៖ សិលា