ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជានាយឧត្តមសេនីយ៍ផ្កាយមាស៥ ផុតលេខ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានចេញបទបញ្ជាឲ្យបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែល បានហោះចូលទឹកដីកម្ពុជា ។ ដោយសម្តេចផ្ញើសារជាសម្លេងតាមប្រព័ន្ធ Telegram ផ្លូវការរបស់សម្តេចថា : ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ ឯកឧត្តម វង្ស ពិសេន , អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងកម្លាំងប្រដាប់អាវុធដែលឈរជើង នៅក្នុងភូមិសាស្ត្រនៃខេត្តរតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ ព្រមទាំងអាជ្ញាធរនៅទីនោះ ។
សម្ដេចមានប្រសាសន៍ទៀតថា : បន្ទាប់ពីមានសភាពការណ៍វាយប្រហារថា , ដោយរបៀបភេរវកម្ម នៅក្នុងទឹកដីវៀតណាម ប្រមាណជា 2 អាទិត្យមុននេះ ! យើងបានសហការជាមួយភាគីវៀតណាម ដើម្បីទប់ស្កាត់ពួកបាក់ទ័ពរត់ ឆ្លងចូលមកក្នុងទឹកដីកម្ពុជា របស់យើង។
យើងសហការបានល្អជាមួយនឹងភាគីវៀតណាម ដើម្បីគ្រប់គ្រងនូវសហភាពការណ៍ទាំងនេះ នាំមកនូវស្ថេរភាពសម្រាប់ទាំងកម្ពុជាផង ទាំងខាងវៀតណាមផង ។ សម្ដេចបន្តថា , អ្វីដែលជាបញ្ហានោះ គឺ ដ្រោន ជាច្រើនគ្រឿង បានហោះចូលទឹកដីកម្ពុជាយើង ជាបន្តបន្ទាប់ នៅក្នុងតំបន់នៃខេត្តរតនគិរី ។ យើងបានសួរទៅបញ្ជាក់ខាងភាគីវៀតណាម ភាគីវៀតណាមបានបដិសេធថាមិនមែនជាដ្រោនរបស់ខ្លួននោះទេ ។ ដូច្នេះការវាយតម្លៃជាបន្តបន្ទាប់ រហូតមកដល់ថ្ងៃនេះ ! ខ្ញុំប៉ាន់ស្មានថា ដ្រោន មានចំនួនដ៏ច្រើននេះ គឺជា ដ្រោន ពួកបច្ចាមិត្ត ដែលបានធ្វើសកម្មភាពវាយប្រហារទៅលើទឹកដីវៀតណាម។ ឥឡូវមានសញ្ញាថា , មួយចំនួនកំពុងបាក់ទ័ពរត់ចូលក្នុងទឹកដីកម្ពុជា ។ ក្នុងសភាពការណ៍បែបនេះ ខ្ញុំចេញបទបញ្ជា ឱ្យសម្ដេចពិជ័យសេនា ទៀ បាញ់ ឱ្យ ឯកឧត្តម វង្ស ពិសេន ឱ្យឯកឧត្តម ហ៊ីង ប៊ុនហៀង បញ្ចេញនូវអាវុធសម្រាប់បាញ់យន្តហោះ ទៅកាន់ទីកន្លែងដែល ដ្រោន ហោះចូល យើងត្រូវប្រើអាវុធដ៏ទំនើបរបស់យើង ដើម្បីបាញ់ទម្លាក់ដ្រោន ណាក៏ដោយ ដែលហោះចូលក្នុងទឹកដីកម្ពុជា ។
សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាដាច់ណាត់ថា , សូមបញ្ចេញកម្លាំងឲ្យបានឆាប់ ទាំងកម្លាំង និងអាវុធដែលនៅនឹងបញ្ជាការដ្ឋានអង្គរក្ស និងកម្លាំង និងអាវុធ ដែលនៅអង្គភាពប្រឆាំងភេវកម្ម ដែលអាវុធនោះ គឺជាប្រភេទអាវុធទំនើបរបស់យើង ដែលមានសមត្ថភាពបាញ់ ទម្លាក់យន្តហោះ ហើយក៏មានសមត្ថភាពបាញ់ ដ្រោន ។ សូមបញ្ចេញកម្លាំងជាបន្ទាន់ ដើម្បីអនុវត្ត នូវវិធានការចាំបាច់។
សម្ដេចបន្តថា, ដើម្បីការពារការឈ្លានពាន ការស៊ើបការណ៍ណាមួយពី សំណាក់ ដ្រោន ដែលយើង មិនដឹងពីប្រភពថាវាមកពីខាងណា ! អញ្ចឹងវិធីតែមួយគត់គឺបាញ់ទម្លាក់ ដ្រោន នេះតែម្ដង ។ សូមចេញបញ្ជាដាច់ណាត់ បញ្ជូនកម្លាំងឡើង ជាបន្ទាន់ អាវុធយ៉ាងហោចណាស់ក៏មាន 100 គ្រាប់ 100 ដើម ដើម្បីបាញ់ទម្លាក់ ដ្រោន នេះ ! យកទៅឲ្យច្រើនគ្រឿង រួចបាញ់ផ្គុំ ដើម្បីទម្លាក់ ដ្រោន ហើយដើម្បីដឹងច្បាស់ថា តើជា ដ្រោន របស់អ្នកណាពិតប្រាកដ។ ការហោះហើរចូលទឹកដីកម្ពុជា ដើម្បីស៊ើបការណ៍ ហើយធ្វើនៅក្នុងពេលយប់ គឺមិនមែនជារឿងធម្មតាមនោះឡើយ ។ ដូច្នេះសូមឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការ អង្គរក្ស ដែលគ្រប់គ្រងអាវុធនេះ រួមបញ្ចេញអាវុធនិងកម្លាំង ទៅជាមួយបន្ថែមទៅដោយកម្លាំង ប្រឆាំងភេវកម្មផងដែរ។ រឿងយើងរៀបចំច្រើនក្រុម ច្រើនទីកន្លែង ដើម្បីពង្រាយ និងបាញ់ទម្លាក់ ដ្រោន នេះ ឱ្យខានតែបាន ៕
ដោយ ៖ សុខ ខេមរា