ព័ត៌មានទាន់ហេតុការណ៍៖

លោក សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការសាងសង់អគារទីស្តីការថ្មី របស់ក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ៍ទី២៧ ខែមិថុនា ឆ្នាំ២០២៣ លោក សក់ សេដ្ឋា រដ្ឋមន្ត្រីស្តីទីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការសាងសង់អគារទីស្តីការថ្មី របស់ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារទីស្តីការថ្មី របស់ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ក្រុមការងារនៃគណៈកម្មការសាងសង់អគារទីស្តីការថ្មី របស់ក្រសួងមហាផ្ទៃ និងតំណាងក្រុមហ៊ុនសាងសង់ ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។

នាឱកាសនោះ លោក រដ្ឋមន្ត្រីស្តីទី និងជាប្រធានគណៈកម្មការសាងសង់ បានមានប្រសាសន៍ថា កិច្ចប្រជុំព្រឹកនេះគឺដើម្បីពិនិត្យមើលពីវឌ្ឍនភាព និងលទ្ធផលដែលសម្រេចបាន នៃការសាងសងអគារទីស្តីការថ្មី របស់ក្រសួងមហាផ្ទៃ និងការងារដែលនៅសេសសល់ ក៏ដូចជាបញ្ហាប្រឈមនានាផងដែរ។ បន្ថែមពីនេះទៀត លោក រដ្ឋមន្ត្រីស្តីទី បានបញ្ជាក់ថា ការប្រជុំពិនិត្យវឌ្ឍនភាពនេះ គឺដើម្បីឱ្យដឹងពីការងារបច្ចេកទេស និងការទទួលខុសត្រូវរបស់ក្រុមហ៊ុនសាងសង់ ដែលត្រូវឱ្យដឹងពីការងារត្រូវបញ្ចប់ឱ្យបានច្បាស់លាស់ ដើម្បីក្រសួងមហាផ្ទៃ មានមូលដ្ឋានកំណត់រៀបចំផែនការការងារមួយចំនួន ជាពិសេស ការរៀបចំធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្តីការថ្មី របស់ក្រសួងមហាផ្ទៃនេះ។  

លោក នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការសាងសង់អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍សង្ខេប ស្ដីពីដំណើរការសាងសង់ ជូនអង្គប្រជុំជា្របថា បន្ទាប់ពីក្រុមហ៊ុនសាងសង់បានចុះកិច្ចសន្យាសាងសង់ជាមួយក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ រួចមក ក្រុមហ៊ុនបានចាប់ផ្តើមអនុវត្តការងារសាងសង់រហូតគិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ សម្រេចបាន៩៨%នៃកិច្ចសន្យា និងការងារបន្ថែមក្រៅពីកិច្ចសន្យាសម្រេចបាន ៧៥% ដែលការងារបន្ថែមក្រៅពីកិច្ចសន្យា ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា រួមមានការងារសាងសងរបងជុំវិញ សួនច្បារ និងទីធ្លាលម្អមួយចំនួនទៀត។

លើសពីនេះដែរ  នាយឧត្តមសេនីយ៍ បានបញ្ជាក់ជូនបន្ថែមថា បើផ្អែកតាមកិច្ចសន្យាដើម ក្រុមហ៊ុនសាងសង់អាចបញ្ចប់ការងាររបស់ខ្លួនត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ប៉ុន្តែដោយមូលហេតុការងារបន្ថែមក្រៅកិច្ចសន្យាមានទំហំធំ ក្រុមហ៊ុនគ្រោងនឹងបញ្ចប់ការងារសំណង់អគារទីស្តីការថ្មីនៅត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នៃកិច្ចសន្យាដើម។ ជាមួយគ្នានេះ ក្រុមហ៊ុនបានស្នើសុំពេលវេលាចំនួន២ខែបន្ថែមទៀត ដើម្បីបញ្ចប់ការងារបន្ថែមដែលនៅសេសសល់លើគម្រោងទាំងមូលត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។

ជាថ្មីម្តងទៀត លោក រដ្ឋមន្ត្រីស្តីទី ថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនសាងសង់ ព្រមទាំងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់អនុវត្តកិច្ចការងារប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ធ្វើឱ្យសំណង់អគារទីស្តីការថ្មីនេះមានសោភ័ណភាព និងគុណភាពយ៉ាងល្អ។ ទន្ទឹមនេះដែរ លោក រដ្ឋមន្ត្រីស្តីទី បានណែនាំដល់ក្រុមហ៊ុនសាងសង់ និងក្រុមការងារពាក់ព័ន្ធ សហការគ្នាបន្តអនុវត្តភារកិច្ចដែលបានទទួល ឱ្យបានហ្មត់ចត់បន្តទៀត ជាពិសេស ត្រូវអនុវត្តឱ្យបានលឿនតាមការគ្រោងទុក ដើម្បីក្រសួងមហាផ្ទៃ កំណត់ពេលវេលាសមស្របណាមួយសម្រាប់ធ្វើការសម្ពាធជាផ្លូវការនាពេលខាងមុខ៕

ដោយ ៖ សហការី


ចែករំលែក៖