ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូប ខ្ញុំសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តដ៏ម៉ឺងម៉ាត់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការបញ្ជូនកងទ័ពទៅកាន់ខេត្តនៅជាប់ព្រំដែនវៀតណាម

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូប ខ្ញុំសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តដ៏ម៉ឺងម៉ាត់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការបញ្ជូនកងទ័ពទៅកាន់ខេត្តនៅជាប់ព្រំដែនវៀតណាម ដែលកំពុងរងការរំលោភដោយយន្តហោះគ្មានមនុស្សបើក ក្នុងបុព្វហេតុការពារជាតិ និងបូរណភាពទឹកដី។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ។

លោក ហ៊ុន ម៉ានី បានថ្លែងថា, ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំក៏សូមជូនពរកងកម្លាំងប្រដាប់អាវុធ ដែលកំពុងចេញដំណើរក្នុងការបំពេញបេសកកម្មដ៏ថ្លៃថ្លានេះ សូមទទួលបានជោគជ័យក្នុងភារកិច្ចរបស់ខ្លួន។

សូមបញ្ជាក់ថា : សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានចេញបញ្ជាដាច់ណាត់ ជូនសម្ដេចពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ , នាយឧត្តមសេនីយ៍ រង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ , នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង មេបញ្ជាការបញ្ជាការដ្ឋានកងអង្គរក្ស ត្រូវបញ្ចេញកងកម្លាំងជាបន្ទាន់ ជាមួយអាវុធទំនើបៗ យ៉ាងហោចណាស់ក៏កម្លាំងប្រាំរយនាក់ អាវុធទំនើបពីរយដើម សហការជាមួយកម្លាំងយោធភូមិភាគទី ១ កម្លាំងសមត្ថកិច្ចដែលពាក់ព័ន្ធ អាជ្ញាធរ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី រតនគិរី និងខេត្តក្រចេះ ដើម្បីបើកយុទ្ធនាការ វាយកំទេច យន្តហោះគ្មានអ្នកបើកបរ ឆ្លងចូលទឹកដីកម្ពុជា ក្នុងចេតនាស៊ើបការ ដែលបានប្រព្រឹត្តប៉ុន្មានយប់ជាប់ៗគ្នានេះ។ 

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា , ពួកគេបានបាក់ទ័ព រត់មកជ្រកពូន នៅក្នុងទឹកដីកម្ពុជា ហើយកម្ពុជា ក៏ត្រូវការពារអធិបតេយ្យភាពរបស់ខ្លួន។ 

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានដឹកនាំកម្លាំងចំនួន 500 នាក់ និងអាវុធទំនើបចំនួន 200 ដើម ដើម្បីបើកប្រតិបត្តិការរុករក បច្ចាមិត្តដែលបាក់ទ័ពចូលទឹកដីកម្ពុជា និងត្រៀមកំទេចយន្តហោះដែលគ្មានមនុស្សបើក។ ដោយសម្ដេចបញ្ជាក់ថា, បើត្រូវការកម្លាំងបន្ថែម សម្ដេចបន្ថែមជូន និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំមានការភ័យភ័យ ព្រួយបារម្ភ គ្មានសង្គ្រាមកើតឡើងនៅក្នុងប្រទេសកម្ពុជាឡើយ។ មានតែការពារ អធិបតេយ្យភាពរបស់ជាតិ ការពារសន្តិភាព និងសហការដ៏ល្អជាមួយនឹងប្រទេសវៀតណាម ដើម្បីកំទេចក្រុម ឈ្លានពានទាំងនេះ។ 

សូមជម្រាបជូនថា : សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានយកចិត្តទុកដាក់បំផុត ការពារ ថែរក្សា សន្តិភាពនៅកម្ពុជា ដើម្បីប្រជាពលរដ្ឋ និងប្រទេសជាតិ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖