ខេត្តមណ្ឌលគិរី ៖ ក្រោយពីទទួលបទបញ្ជាជាបន្ទាន់មួយ ពីប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោហ៊ុន សែន សូមឱ្យសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងកម្ពុជាតិ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការ បញ្ជាការដ្ឋានកងអង្គរក្ស ត្រូវបញ្ចេញកម្លាំង ទៅតាមព្រំដែនក្នុងភូមិសាស្ត្រទឹកដីខេត្តរតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ ។
នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ដឹកនាំកម្លាំងទ័ព៥០០នាក់ និងអាវុធ២០០ដើម បានមកដល់ព្រំដែនជាប់វៀតណាមហើយ ត្រៀមបាញ់កម្ទេចយន្ដហោះគ្មានមនុស្សបើក ហោះចូលទឹកដីកម្ពុជា។
សូមបញ្ជាក់ថា : សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធកម្ពុជា ផ្ដល់ជំនួយ ២០ម៉ឺនដុល្លារ ដល់អង្គភាពណាដែលបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកបាន(ដ្រូន) និងអនុញ្ញាតឲ្យបាញ់មួយលាន ឬពីរលានគ្រាប់ក៏បាន។
សម្ដេចតេជោបានចាត់ទុកថា , ការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកចូលទឹកដីកម្ពុជា ជាអំពើឈ្លានពាន អធិបតេយ្យភាពរបស់កម្ពុជា ក្នុងនោះក៏មានក្រុមបាក់ទ័ពពីទឹកដីប្រទេសវៀតណាម ឆ្លងចូលមកលាក់ខ្លួនក្នុងទឹកដីកម្ពុជា ដូច្នេះកងកម្លាំងទាំងអស់ត្រូវសហការជាមួយកម្លាំងយោធាយុទ្ធភូមិភាគទី ១ ដើម្បីរុករក ក្រុមពួកលាក់ខ្លួនទាំងនោះ ។ សម្ដេចតេជោក៏បានលើកឡើងផងដែរថា , ពួកក្រុមជនទាំងអស់នេះ ក៏អាចពាក់ព័ន្ធជាមួយនឹងទណ្ឌិតសមរង្ស៊ីដែលជាជនក្បត់ជាតិបីជំនាន់ផងដែរ។
នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ដឹកនាំកម្លាំងទ័ព៥០០នាក់ និងអាវុធ២០០ដើម បានមកដល់ព្រំដែនជាប់វៀតណាមហើយ ត្រៀមបាញ់កម្ទេចយន្ដហោះគ្មានមនុស្សបើក ហោះចូលទឹកដីកម្ពុជា ហើយវត្តមានរបស់នាយឧត្តមសេនីយ៍ គឺនៅបញ្ជាជាប់ជាមួយកងកម្លាំងប្រដាប់អាវុធ តាមបទបញ្ជាដាច់ណាត់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីករណីវាយប្រហារភេរវកម្ម នៅក្នុងទឹកដីវៀតណាម កាលពីប្រមាណ២សប្តាហ៍កន្លងទៅនេះ ដែលកម្ពុជាបានសហការយ៉ាងល្អជាមួយវៀតណាម ក្នុងការទប់ស្កាត់ក្រុមភេរវកម្មដែលបាក់ទ័ពរត់ចូលមកទឹកដីកម្ពុជា។
សម្តេចតេជោបញ្ជាក់ដូច្នេះថា៖ «អ្វីដែលជាបញ្ហា គឺមានដ្រូនជាច្រើនគ្រឿងហោះចូលទឹកដីកម្ពុជា ជាបន្តបន្ទាប់នៅក្នុងតំបន់ខេត្តរតនគិរី យើងបានសួរទៅខាងវៀតណាម ភាគីខាងវៀតណាមបានបដិសេធថា “មិនមែនជាដ្រូនរបស់គេទេ” ដូច្នេះការវាយតម្លៃជាបន្តបន្ទាប់រហូតដល់ថ្ងៃនេះ ខ្ញុំប៉ាន់ស្មានថា ដ្រូនដែលមានចំនួនច្រើននេះ គឺជាដ្រូននៃពួកបច្ចាមិត្ត ដែលបានធ្វើសកម្មភាពវាយប្រហារទៅខាងទឹកដីវៀតណាម ឥឡូវមានសញ្ញាថា មួយចំនួនកំ៉ពុងបាក់ទ័ពរត់ចូលទឹកដីកម្ពុជា»។
សម្តេចបានបន្តថា «យើងត្រូវប្រើប្រាស់អាវុធទំនើបរបស់យើង ដើម្បីបាញ់ទម្លាក់ដ្រូនណាក៏ដោយ ដែលហោះចូលទឹកដីកម្ពុជា»៕
ដោយ ៖ សិលា