ខេត្តបាត់ដំបង៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងនគរបាលខេត្តបាត់ដំបង និងកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង បានប្រគល់ជូនគ្រាប់បែកដៃ UXO ចំនួន ០១គ្រាប់ និងគ្រាប់បែក៦០ម.មជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដេីម្បីយកទៅកំទេចចោល។
ប្រភពដដែលបន្តថា ជាក់ស្ដែងកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចបរិវេណសាងសង់វិមានឯករាជ្យ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មេការជាងសំណង់ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅក្នុងបរិវេណសាងសង់វិមានឯករាជពេលជាងសំណង់ កំពុងឈូសឆាយដីទើបប្រទះឃើញ ហើយបានមករាយការណ៍ជូន ផ្នែកជំនាញសណ្តាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង។ ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃេីញប្រភេទក្បាលគ្រាប់បែកដៃ UXO ចំនួន ០១គ្រាប់ រួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដេីម្បីយកទៅកំទេចចោល។
ជាមួយគ្នានេះដែរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលទឹក នៃអធិការនគរបាលស្រុកទឹកផុស បានសហការជាមួយកម្លាំងសុីម៉ាក់ CMAC យកគ្រាប់ចាស់ៗចំនួនមួយគ្រាប់គឺគ្រាប់៦០ម.ម យកទៅកំទេចចោលនៅកន្លែងមានសុវត្ថិភាព។
ឆ្លៀតក្នុងឱកាសនោះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ច ជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ៕
ដោយ ៖ អរុណរះ