ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនជ្រុលទៅបុករ៉ឺម៉កលក់បបរក្រឡាប់ផ្ងារជេីងរបួសធ្ងន់ម្នាក់

ចែករំលែក៖

    ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុល​ទៅបុករ៉ឺម៉កលក់បបរពីក្រោយពេញទំហឹង​ កាលពីវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី២៨​ ខែមិថុនា​ ឆ្នាំ២០២៣​ នៅតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងភូមិព្រៃកី​ សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល។ 

   តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញប្តីប្រពន្ធ២នាក់ជិះម៉ូតូសណ្តោងរ៉ឺម៉កដេីរលក់បបរគ្រឿង​ដោយធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1CD-0828​ ធ្វេីដំណេីរមកពីក្រោយលឿនក៏ជ្រុលទៅបុកម៉ូតូសណ្តោងរុឺម៉កលក់បបរពេញទំហឹងបណ្តាលឱ្យរ៉ឺម៉កក្រឡាប់ចាក់បបរចោលពេញផ្លូវ ចំណែកម្ចាស់ម៉ូតូបង្កហេតុរងរបួសធ្ងន់។ 

   ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែករ៉ឺម៉កនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌកំបូលរង់ចាំដោះស្រាយនៅពេលក្រោយ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖