ខេត្តកណ្តាល ៖ ថ្លែងនៅក្នុងជំនួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅក្នុង ស្រុកអង្គស្នួល ខេត្តកណ្ដាល ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សម្ដេចបានចុះហត្ថលេខាលើអនុក្រឹត្យមួយរួចហើយដោយនឹងចាប់អនុវត្តនៅក្នុងខែសីហាខាងមុខ ទៅលើគោលនយោបាយថ្មីរបស់រដ្ឋទាក់ទងជាមួយនឹងកម្មការិនីមានផ្ទៃពោះ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចឱ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងរដ្ឋមន្ត្រីក្រសួងការងាររៀបចំនូវគោលនយោបាយថ្មីមួយទៀត ដើម្បីជួយដល់បុគ្គលិកមន្ត្រីរាជការនិងមន្ត្រីចុះកិច្ចសន្យារបស់រដ្ឋដែលមានផ្ទៃពោះទទួលបានអត្ថប្រយោជន៍បន្ថែមដូចកម្មករផងដែរ។
គោលនយោបាយថ្មីនឹងផ្ដល់អត្ថប្រយោជន៍បន្ថែមដល់កម្មការិនីដែលចាប់ផ្ដើមមានផ្ទៃពោះត្រូវទទួលបាននោះគឺនៅពេលដែលចាប់ផ្ដើមមានផ្ទៃពោះការទៅពិនិត្យផ្ទៃពោះម្ដងគឺរដ្ឋនិងឧបត្ថម្ភប្រាំបីម៉ឺនរៀល ខណៈឆ្លងទន្លេបានកូនមួយនិងត្រូវបានឧបត្ថម្ភ ៨០ម៉ឺនរៀល ភ្លោះ២ ទទួលបាន ១លានរៀល និងភ្លោះបីទទួលបាន ១លាន៤សែនរៀល។
បន្ទាប់ពីនោះគឺនឹងទទួលបានការឧបត្ថម្ភទៅលើការពិនិត្យសុខភាពម្ដាយកូនចំនួន ១០ដងទៀតដែលក្នុងម្ដងក៏ទទួលបាន ៨ម៉ឺនរៀលផងដែរ។
បន្ថែមលើកនេះសម្ដេចតេជោ បានប្រកាសផងដែរថា គោលនយោបាយនេះក៏នឹងត្រូវអនុវត្តចំពោះមន្ត្រីរាជការ និងបុគ្គលិកជាប់កិច្ចសន្យារបស់រដ្ឋផងដែរ ដោយបញ្ជាទៅកាន់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងក្រសួងពាក់ព័ន្ធឲ្យរៀបចំនូវគោលនយោបាយនេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសអញ្ជើញកម្មករ-កម្មការិនីទៅទទួលពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យថ្មីដែលរាជរដ្ឋាភិបាលទើបសាងសង់រួច គឺ «មន្ទីរពេទ្យតេជោសន្ដិភាព» ដែលមិនគិតថ្លៃ ខណៈមន្ទីរពេទ្យនេះមានសមត្ថភាពទទួលអ្នកជំងឺ១ម៉ឺនគ្រែ ៕
ដោយ ៖ សិលា