ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ៖ «ហាមដាច់ខាតការយកបញ្ហាសន្តិសុខជាតិយកមកបង្ហោះលើ facebook បើគ្មានការអនុញ្ញាតពីយោធា»

ចែករំលែក៖

ខេត្តកណ្តាល ៖ ថ្លែងនៅក្នុងជំនួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅក្នុង ស្រុកអង្គស្នួល ខេត្តកណ្ដាល ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោបានថ្លែងដោយព្រួយបារម្ភថាយន្តហោះគ្មានមនុស្សបើកដោយមិនមានអត្តសញ្ញាណដឹងចេញពីតំបន់ណាអាចជាការគំរាមកំហែងទៅដល់សន្តិសុខនៅក្នុងតំបន់។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងពីការស្វែងរកការសហការពីប្រធានអាស៊ានក៏ដូចជាអង្គការសហប្រជាជាតិ ដើម្បីធ្វើការស៊ើបអង្កេតទៅលើយន្តហោះគ្មានមនុស្សបើក ដែលបានរំលោភបំពានដែនអាកាសកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន ថា៖ «មិនអាចអនុញ្ញាតឲ្យអ្នកណាមកប្រមាថ ប្រើប្រាស់ដ្រូន។ ជួនកាលជាក្រុមភេរវកម្មធ្វើសកម្មភាពដែលអាស៊ានត្រូវរួមគ្នាធ្វើការប្រឆាំងទៅនឹងក្រុមនេះ»។

កាលពីសប្ដាហ៍មុន យន្តហោះគ្មានមនុស្សបើកបានហោះចូលទៅក្នុងដែនអាកាសរបស់កម្ពុជានៅក្នុងតំបន់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តរតនគិរី មណ្ឌលគិរី ដែលសម្ដេចតេជោបានបញ្ជាឲ្យបញ្ចេញទ័ពនិងអាវុធដើម្បីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកនេះផងដែរ។

រហូតមកដល់ថ្ងៃនេះមិនទាន់មានយន្តហោះគ្មានមនុស្សបើកណាមួយត្រូវបានបាញ់ទម្លាក់នៅឡើយទេ ខណៈកាលពីយប់មិញ សម្ដេចតេជោបានឆ្លើយតបទៅនឹងព័ត៌មានក្លែងក្លាយមួយចំនួនដែលបានលើកឡើងថាមានយន្តហោះគ្មានមនុស្សបើកទៅការចូលក្នុងដែនកម្ពុជា។

សម្ដេចបានបញ្ជាក់ថា កាលពីយប់មិញមិនមានសញ្ញាណាមួយនៃការបំពានដែនអធិបតេយ្យលើអាកាសកម្ពុជាពីសំណាក់យន្តហោះគ្មានមនុស្សបើកនោះទេ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបន្តថា៖ «ហាមដាច់ខាតការយកបញ្ហាសន្តិសុខជាតិយកមកបង្ហោះលើ facebook បើគ្មានការអនុញ្ញាតពីយោធា»។

រហូតមកដល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវលើយន្តហោះគ្មានមនុស្សបើកនេះទេ ខណៈប្រទេសវៀតណាមបានបដិសេធ។

សម្ដេចតេជោបានដាក់ការសង្ស័យទៅលើក្រុមផ្ដាច់ខ្លួនវៀតណាមដែលអាចមានទំនាក់ទំនងជាមួយនឹងទណ្ឌិត សម រង្ស៊ី ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ទៅអ្នកលេងហ្វេសប៊ុកទាំងឡាយបញ្ឈប់ជាបន្ទាន់ ចំពោះការយកបញ្ហាសន្ដិសុខជាតិ (ករណីយន្តហោះដ្រូនចូលឈ្លានពានដែនដីកម្ពុជា) មកបង្ហោះលេងលើហ្វេសប៊ុក។ បើនៅបន្តបង្ហោះរូបភាពពីសន្ដិសុខជាតិបែបនេះ សមត្ថកិច្ចប្រឆាំងបទល្មើសបច្ចេកវិទ្យានឹងអនុវត្តច្បាប់ស្វែងរកឃើញភ្លាមចំពោះក្រុមអ្នកបង្ហោះទាំងនោះ។

សម្តេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើទៅអ្នកលេងហ្វេសប៊ុកទាំងអស់ ហាមដាច់ខាតយករឿងសន្ដិសុខជាតិមកបង្ហោះលេងលើហ្វេសប៊ុក។ ការបញ្ជាក់របស់សម្ដេចបែបនេះ បន្ទាប់ពីមានអ្នកលេងហ្វេសប៊ុកមួយចំនួនបានយកករណីយន្តហោះគ្មានមនុស្សបើកចូលឈ្លានពានដែនដីកម្ពុជានេះ មកភ្ជាប់ជាមួយរូបភាពយន្តហោះពាណិជ្ជកម្មនៅលើបណ្ដាញសង្គម ៕

ដោយ ៖ សិលា


ចែករំលែក៖