ខេត្តស្វាយរៀង៖ លោកនាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង និងជាប្រធាន ក្រុមការងារគាំទ្រកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែកបានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារវត្តគគីរ និងសាងសង់ទីស្នាក់ការគណបក្សប្រជាជនឃុំគគីរ ស្រុករមាសហែកនាព្រឹកថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២៣។
ក្នុងឱកាសនោះ លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានថ្លែងថា វត្តគគីរគឺជាវត្តមួយស្ថិតក្នុងចំណោមវត្តទាំង៥២ក្នុងស្រុករមាសហែក។ វត្តគគីរចាប់កសាងឡើងតាំងពីឆ្នាំ១៩៦២មកម្ល៉េះ មានអាយុកាល៦១ឆ្នាំមកហើយ។ ក្នុងឃុំគគីរ មានវត្តចំនួន០១ គឺវត្តគគីរដែលយើងទាំងអស់គ្នានឹងប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារនាពេលថ្ងៃនេះ។ សូមបញ្ជាក់ផងដែរថា នៅឆ្នាំ២០១៧ លោកនាយឧត្ដមសេនីយ៍ សៅ សុខា បានឧបត្ថម្ភជួយកសាងឧបដ្ឋានសាលា១ខ្នង ចំណាយថវិកាអស់១៦ម៉ឺន៥ពាន់ដុល្លារ។
លោកបន្តថា សមិទ្ធផលនិងលទ្ធផលទាំងអស់នេះគឺបានមកពីការខិតខំដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានដាក់ចេញនូវការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ រដ្ឋសភា បានសម្រេចនូវសមិទ្ធផលធំៗថ្មីៗជាច្រើនជូនជាតិមាតុភូមិ ជាពិសេសការដោះស្រាយប្រកបដោយ ប្រសិទ្ធភាពចំពោះវិបត្តិនិងបញ្ហាប្រឈមនានាដែលបង្កឡើងដោយវិបត្តិសកលកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបានឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវិដ-១៩ ក្នុងនោះក្រោមការជួយឧបត្ថម្ភគាំទ្រពីក្រសួង ស្ថាប័នថ្នាក់ជាតិនិងក្រុមការងារគាំទ្រកម្មវិធីនយោបាយរាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ជាពិសេសក្រោមការចង្អុលណែនាំពីសំណាក់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច និងជាប្រធានការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធានក្រុមការងាររាជរដ្ឋភិបាលចុះជួយខេត្ត និងជាប្រធានក្រុមការងារគាំទ្រកម្មវិធីនយោបាយរាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ក៏ដូចជា លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងផងដែរ។
ក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ សៅ សុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែកបាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាក៏ដូចជាសម្ដេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀងដល់លោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សដែលបានចូលរួមនាពេលនេះផងដែរ។
លោកបានបន្តថា រដូវនេះជារដូវវស្សាហើយសូមពុកម៉ែបងប្អូនប្រជាពលរដ្ឋធ្វើរបរកសិកម្មបង្កបង្កើនផលស្រែចម្ការរនិងដាំដំណាំហូបផ្លែផ្សេងៗសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃដល់ក្រុមគ្រួសារបន្ថែមទៀត។
លោក សៅ សុខា ក៏បានជំរុញដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំណុច រួមមាន៖
ទី១-ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។
ទី២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
ទី៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។
ទី៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ ។
ទី៥-ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
ទី៦-មានអនាម័យ មានសោភណភាពល្អ និងមានបរិស្ថានល្អ និងទី៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។
បន្ទាប់មក លោក សៅ សុខា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវត្រៀមលក្ខណ:សម្បត្តិឱ្យបានគ្រប់គ្រាន់សម្រាប់បំពេញកាតាព្វកិច្ចជាពលរដ្ឋក្នុងការចូលរួមបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៧ នាពេលខាងមុខនេះ ដើម្បីរក្សាការអភិវឌ្ឍនិងរក្សាការងាររបស់បងប្អូនទាំងអស់គ្នា ជាពិសេសបន្តគាំទ្រសម្ដេចតេជោហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីនិងគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត គឺលោកបណ្ឌិត ហ៊ុន ម៉ាណែត ផងដែរ៕
ដោយ៖ សុថាន