ព័ត៌មានទាន់ហេតុការណ៍៖

(គ.ជ.ប) ចេញសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប ស្តីពី លទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាព្រឹកថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើការស្នើសុំគ្រឿង ឥស្សរិយយសជូនថ្នាក់ដឹកនាំ និងអ្នករាជការ គ.ជ.ប ឯកសារពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ និងឯកសារពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតប្រចាំឆ្នាំ២០២៣។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗ រួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖

១ . ឯកភាពលើការស្នើសុំគ្រឿងឥស្សរិយយស៖

-លិខិតទូលថ្វាយព្រះមហាក្សត្រ ដើម្បីទ្រង់ព្រះរាជាអនុញ្ញាតផ្តល់នូវគ្រឿងឥស្សរិយយសតាមលំដាប់ជូនថ្នាក់ដឹកនាំ និងអ្នករាជការ គ.ជ.ប សរុបចំនួន ៨៨ (ប៉ែតសិប ប្រាំបី) រូប សម្រាប់ឆ្នាំ២០២៣

សំណើសុំទៅរាជរដ្ឋាភិបាលនូវគ្រឿងឥស្សរិយយសតាមលំដាប់ជូនថ្នាក់ដឹកនាំ និង អ្នករាជការ គ.ជ.ប សរុបចំនួន ១០៦ (មួយរយប្រាំមួយ) រូប សម្រាប់ឆ្នាំ២០២៣។

២. ឯកភាពលើលិខិតបទដ្ឋានដែលពាក់ព័ន្ធនឹងការប្រកាសផ្សាយលទ្ធផលបោះឆ្នោត បឋម សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៣ ឆ្នាំ២០២៣ រួមមាន៖

-សេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការគ្រប់គ្រងលទ្ធផលបោះឆ្នោតបឋម

-លិខិតបង្គាប់ការប្រគល់ភារកិច្ចជូនអនុគណៈកម្មការ នៃគណៈកម្មការគ្រប់គ្រង លទ្ធផលបោះឆ្នោតបឋម

-យន្តការ និងនីតិវិធីស្តីពីការគ្រប់គ្រងលទ្ធផលបោះឆ្នោតបឋម។

៣. ឯកភាពលើគំរូស្បោងដាក់បញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់ និងក្នុងរាជធានី ខេត្ត សម្រាប់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

៤. ឯកភាពលើឯកសារពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២៣ រួមមាន៖ -សេចក្ដីណែនាំ ស្តីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២

-ប្រតិទិននៃការផ្ដល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

-ឯកភាពលើទម្រង់របាយការណ៍ ស្ដីពីការផ្ដល់លិខិតអញ្ជើញ ចំនួន ៤ ច្បាប់

-ឯកភាពជាគោលការណ៍លើគំរូលិខិតអញ្ជើញសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការ ចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។

មុនបិទបញ្ចប់កិច្ចប្រជុំ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ គ.ជ.ប ទាំងអស់ឱ្យប្រើប្រាស់ភាសាបច្ចេកទេសបោះឆ្នោតឱ្យបានត្រឹមត្រូវ ដូចមាន ចែងក្នុងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ដើម្បីកុំឱ្យភាគីពាក់ព័ន្ធភាន់ច្រឡំ ៕

ដោយ ៖ សិលា


ចែករំលែក៖