ការផ្ទុះនេះបានកើតឡើងនៅរោងចក្រគីមីមួយក្នុងខេត្ត Jiangxi ភាគអាគ្នេយ៍នៃប្រទេសចិន កាលពីវេលាថ្ងៃត្រង់ថ្ងៃទី ១ ខែកក្កដា។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV ការផ្ទុះបានកើតឡើងនៅរោងចក្រគីមីដែលជាកម្មសិទ្ធិរបស់អ្នកផលិតប្រេងស៊ីលីកុន Jiangxi Qian ស្ថិតនៅតំបន់ New Materials ក្នុងខេត្ត Jiangxi កាលពីពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី១ ខែកក្កដា។
វីដេអូដែលថតបានរូបភាពនៃការផ្ទុះដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម Weibo បានបង្ហាញពីផ្សែងខ្មៅយ៉ាងក្រាស់ដែលហុយចេញពីអគារ។ ក្រុមអ្នកជួយសង្គ្រោះនៅកន្លែងកើតហេតុដោយជំរុញឱ្យមនុស្សរក្សាចម្ងាយពីកន្លែងកើតហេតុ។
យោងតាមទូរទស្សន៍ CCTV របាយការណ៍ដំបូងបង្ហាញថា ការផ្ទុះបានកើតឡើងបន្ទាប់ពីប្រេងស៊ីលីកុនបានឆេះ។ ការផ្ទុះនេះមិនបណ្តាលឱ្យមានមនុស្សរងរបួសទេ ហើយមនុស្សដែលរស់នៅក្បែរនោះត្រូវបានជម្លៀសចេញ ។
អ្នកពន្លត់អគ្គិភ័យកំពុងធ្វើការយ៉ាងសកម្មដើម្បីគ្រប់គ្រងភ្លើងនិងស៊ើបអង្កេតរកមូលហេតុនៃការផ្ទុះនេះ។
មុននោះ កាលពីថ្ងៃទី១៣ ខែមិថុនា ការផ្ទុះបំពង់បង្ហូរឧស្ម័នមួយបានកើតឡើងនៅក្នុងទីក្រុង Shiyan ខេត្ត Hubei ប្រទេសចិន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ 25 នាក់ និងជាង 100 នាក់ទៀតរងរបួស៕
ដោយ៖ ធីរីណា(រូបថត ៖ weibo)