ព័ត៌មានទាន់ហេតុការណ៍៖

(គជប) ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីបី នេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា

ចែករំលែក៖

ភ្នំពេញ ៖ ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីបី នេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន ស្ថានភាពទូទៅថ្ងៃទីបី នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់ គ.ជ.ប។ 

នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ នេះ គឺជាថ្ងៃទីបីនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧. ឆ្នាំ២០២៣ ដែលបណ្ដាគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាបោះឆ្នោត តាមលទ្ធភាព និងមធ្យោបាយរបស់ខ្លួន។

ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) នៅ ថ្ងៃទីបីនេះ គណបក្សនយោបាយបានធ្វើការឃោសនាបោះឆ្នោត ដែលភាគច្រើនជាសកម្មភាពនៃ ការចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ការចែកខិត្តបណ្ណតាមខ្នងផ្ទះ ការបិទខិត្តបណ្ណនៅទីសាធារណៈ និងការជួបប្រជុំផងដែរ ដែលការជួបប្រជុំភាគច្រើនធ្វើឡើងដោយ គណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានោះ គណបក្សនយោបាយចំនួន ៤ បានធ្វើសកម្មភាពហែក្បួន ឃោសនាបោះឆ្នោត។ គណបក្សសញ្ជាតិកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលរាជធានីភ្នំពេញ គណបក្សហ៊្វុនស៊ិនប៉ិច បានហែក្បួនឃោសនានៅមណ្ឌលខេត្តត្បូងឃ្មុំ គណបក្សខ្មែរឈប់ក្រ បាន ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ស្ពឺ និងគណបក្សខ្មែររួបរួមជាតិ បានហែក្បួនឃោសនានៅ មណ្ឌលខេត្តប៉ៃលិន មណ្ឌលខេត្តកំពង់ធំ និងមណ្ឌលខេត្តព្រះវិហារ។

ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីបី នេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មាន រយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕

ដោយ ៖ សិលា


ចែករំលែក៖