ព័ត៌មានទាន់ហេតុការណ៍៖

សង្គ្រាមនៅអ៊ុយក្រែនជំរុញ លោកខាងលិចនិងរុស្ស៊ីប្រឈមមុខដាក់គ្នាមិនអាចរកទីបញ្ចប់បាន

ចែករំលែក៖

សារព័ត៌មាន AFP ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣បានចុះផ្សាយថា អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានព្រមានថា ការប្រឈមមុខដាក់គ្នារបស់ទីក្រុងមូស្គូជាមួយលោកខាងលិច អាចនឹងអូសបន្លាយរាប់ទសវត្សរ៍ទៅមុខទៀត ហើយជម្លោះរបស់ខ្លួនជាមួយអ៊ុយក្រែនអាចក្លាយជាអចិន្ត្រៃយ៍។
នៅក្នុងអត្ថបទមួយរបស់កាសែតរដ្ឋ Rossiyskaya Gazeta បាននិយាយថា ភាពតានតឹងរវាងរុស្ស៊ី នឹងលោកខាងលិចគឺ «កាន់តែអាក្រក់» ជាងក្នុងអំឡុងវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២ទៅទៀត ដែលនៅពេលនោះពិភពលោកស្ថិតនៅលើគែមនៃសង្រ្គាមនុយក្លេអ៊ែរ។
លោក Medvedev ដែលបាននិយាយម្តងហើយម្តងទៀតថា ការគាំទ្ររបស់លោកខាងលិចសម្រាប់អ៊ុយក្រែនបង្កើនឱកាសនៃជម្លោះនុយក្លេអ៊ែរ។ លោកបាននិយាយទៀតថា សង្រ្គាមនុយក្លេអ៊ែរគឺ «ទំនងនឹងកើតឡើងណាស់» ប៉ុន្តែប្រហែលជាមិនមានអ្នកឈ្នះនោះទេ។
ជុំវិញបញ្ហាអ៊ុយក្រែន លោកMedvedevបាននិយាយថា ក្រុងមូស្គូនៅតែប្តេជ្ញាបញ្ឈប់អ៊ុយក្រែនចូលជាសមាជិកណាតូ ដោយគូសបញ្ជាក់ថា «គោលដៅរបស់យើងគឺសាមញ្ញ ដើម្បីលុបបំបាត់ការគំរាមកំហែងនៃសមាជិកភាពរបស់អ៊ុយក្រែននៅក្នុងអង្គការណាតូ ហើយយើងនឹងសម្រេចវាបាន»។
ដោយយោងលើច្បាប់របស់អង្គការណាតូអំពីការមិនទទួលស្គាល់ប្រទេសណាដែលជាប់ពាក់ព័ន្ធក្នុងជម្លោះដែនដី លោកបាននិយាយថា ជម្លោះជាមួយអ៊ុយក្រែនអាចក្លាយជា «អចិន្ត្រៃយ៍» ដោយសារធម្មជាតិអាទិភាពរបស់វាសម្រាប់ទីក្រុងមូស្គូ៕ ដោយ៖ ធីរីណា

រូប​ថត​៖ CNN


ចែករំលែក៖