ភ្នំពេញ ៖ លោកជំទាវ មិញ កុសនី វរសិល្បការិនីរបាំព្រះរាជទ្រព្យដ៏ល្បីល្បាញសម័យសង្គមរាស្រ្តនិយម និងជារដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានទទួលមរណភាព នៅវេលាម៉ោង៤:៥០នាទីព្រឹកនាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគពាធ។
ដំណឹងនេះសែនរន្ធត់តក់ស្លុតរកអ្វីប្រៀបផ្ទឹមពុំបាននៃការបាត់បង់ធនធានផ្នែករបាំព្រះរាជទ្រព្យនៅកម្ពុជា។
លោកជំទាវ ជាមរតកមនុស្សរស់នៃរបាំព្រះរាជទ្រព្យដោយលោកមានទេព្យកោសល្យខ្ពង់ខ្ពស់ណាស់។
សពលោកជំទាវ តម្កល់ធ្វេីបុណ្យនៅ បុរីប៉េងហួតបឹងស្នោរ ផ្ទះលេខ43 ផ្លូវD06 គម្រោង Eco Delta ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតរំលែកមរណទុក្ខ ជូនចំពោះ ឯកឧត្តម រស់ សម័យ ព្រមទាំងក្រុមគ្រួសារ
ឯកឧត្ដម និងក្រុមគ្រួសារ ជាទីស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅ !
តាងនាមក្រសួងវប្បធម៌ និងវីចិត្រសិល្បៈ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីរន្ធត់ក្ដុកក្ដួល និងក្រៀមក្រំ ជាទីបំផុតចំពោះមរណភាពរបស់ លោកជំទាវ ម៉ិញ កុសនី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ ដែលទទួលមរណភាពនៅថ្ងៃអង្គារ ២រោច ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹង ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៤.៥០នាទីព្រឹក ក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគាពាធ ។
ក្នុងឱកាសដ៏សែនវិយោគរកទីបំផុតគ្មាននេះ ខ្ញុំសូមសម្តែងនូវសមានទុក្ខ អាឡោះអាល័យ និងក្តីសង្វេគ ជាពន្លឹកជាមួយ ឯកឧត្តម និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោកជំទាវ ម៉ិញ កុសនី គឺជា ការបាត់បង់ភរិយា ម្តាយ ជីដូន ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ក្នុងការអប់រំផ្ដល់ដំបូន្មានដល់កូន ចៅ និងជាព្រឹទ្ធាចារ្យសិល្បៈមួយរូបដ៏ល្បីល្បាញលើវិស័យសិល្បៈរបាំបុរាណខ្មែរ ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាចូលរួមចំណែកយ៉ាងសកម្មក្នុងការបម្រើវិស័យសិល្បៈវប្បធម៌ ដែលជាគំរូវីរភាព និង ជាគុណបំណាច់របស់ លោកជំទាវ ចំពោះបុព្វហេតុបម្រើជាតិមាតុភូមិ។ មរណភាពរបស់ លោកជំទាវ គឺជាការបាត់បង់នូវធនធានមនុស្សមួយ និងគួរជាទីសោកស្ដាយរកអ្វីប្រៀបផ្ទឹមពុំបានឡើយ។
ជាថ្មីម្ដងទៀត ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះជាមួយ ឯកឧត្តម និង ក្រុមគ្រួសារ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកជំទាវ ម៉ិញ កុសនី សូមបានទៅសោយសុខក្នុង សុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ ៕
ដោយ ៖ សហការី