ខេត្តសៀមរាប ៖ នៅថ្ងៃទី ៤ កក្កដា ២០២៣នេះអាជ្ញាធរជាតិអប្សរាបានអោយដឹងថា ក្រុមការងារព្រៃឈើ នៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ នៃអាជ្ញាធរជាតិអប្សរា កំពុងកាត់ក្រីមែក និងព្យាបាលដើមនិងឫសដើមស្ពង់ចំណាស់មួយដើម នៅជ្រុងខាងកើតប្រាសាទតាព្រហ្ម។
លោក គង់ សុវណ្ណារិទ្ធ មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ បានលើកឡើងថា ដើមស្ពង់ចំណាស់ដែលក្រុមការងារលោកកំពុងកាត់ក្រី និងព្យាបាលនេះ មានសភាព ទ្រុឌទ្រោម និងត្រូវការការថែទាំ ព្យាបាល ដើម្បីទប់ស្កាត់ហានិភ័យ។ លោកបន្តថា ប្រសិនកង្វះខាតការ ថែទាំដិតដល់ ដើមឈើនេះអាចនឹងប្រឈមឆាប់ងាប់ និងបង្កគ្រោះថ្នាក់ដល់ប្រាសាទដូចគ្នា ព្រោះតួដើម និងឫសរបស់វាដុះជាប់យ៉ាងជិតស្និទ្ធជាមួយប្រាសាទ។
បន្ថែមពីនេះ ក៏អាចនឹងបាត់បង់សោភ័ណភាព ដែលទីតាំងនេះជាកន្លែងទាក់ទាញទេសចរ ដែលតែងឈរថតជានិច្ចនៅពេលបានមកដល់។
ក្រៅពីប្រយោជន៍ដូចជម្រាបខាងលើហើយ ព្រៃឈើក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ជារបាំងសម្រាប់ ការពារខ្យល់បាំងប្រាសាទ ជាម្លប់ និងជាសោភ័ណភាពទាក់ទាញទេសចរមួយផ្នែកធំផងដែរ។ តួយ៉ាង ដើមស្ពង់ដែលកំពុងព្យាបាលខាងលើ គឺកម្រត្រូវបានទេសចរមើលរំលងណាស់។
ចំពោះការព្យាបាល និងថែទាំ ក្រុមការងារព្រៃឈើបានដំឡើងរន្ទាឡើងកាត់មែកផ្នែកខាងចុង ដែលពុកផុយ ចំណែកនៅផ្នែកឫស គេបានចាំងនិងចោះសាច់ស្អុយឬពុកផុយចេញ បន្ទាប់មកគេព្យាបាលវាដោយប្រើជ័រទឹកលាយជាមួយខ្លាញ់គោ និងដីដំបូងបិទផ្ចិតរន្ធ។ ធ្វើដូច្នេះ គេអាចទប់ស្កាត់ការពុកផុយបន្តទៀត និងអាចធ្វើអោយសាច់ដើមឈើដុះគ្របឡើងវិញផងដែរ។ នេះជាការលើកឡើងរបស់លោក គង់ សុវណ្ណារិទ្ធ ដែលធ្វើការផ្នែកកាត់ក្រីមែកឈើ និងព្យាបាលដើមឈើជាង១០ឆ្នាំមកហើយ។
គ្រឹះប្រាសាទនៅតំបន់រមណីយដ្ឋានអង្គរ មានទំនាក់ ទំនងខ្លាំងជាមួយទឹកក្រោមដី។ ហើយតំបន់ដែលមាន ទឹកក្រោមដីច្រើន ជាតំបន់ដែលសម្បូរដើមឈើដូចគ្នា។ ដូច្នេះហើយ ទើបការអភិរក្សប្រាសាទនៅ តំបន់រមណីយដ្ឋានអង្គរ ក៏ត្រូវការចាំបាច់នូវដើមឈើ និងទឹកដូចគ្នា។
លោក សុវណ្ណារិទ្ធ បន្ថែមថា៖« ប្រាសាទត្រូវការសំខាន់ប្រព័ន្ធទឹកក្រោមដី ហើយដើមឈើមានមុខងារសំខាន់ក្នុងតំបន់ឧទ្យានអង្គរដែល ជួយទាក់ទាញទឹកភ្លៀង ទប់ទឹកភ្លៀង និងជួយទឹកជ្រាបក្រោមដីល្អបំផុត ធៀបនឹងតំបន់ទីវាល តំបន់មានដើមឈើមានទឹកយូរជាង មិនងាយខ្សោះទឹកដូចនៅតំបន់ទីវាលទេ»។
គួរបញ្ជាក់ថា ក្រៅពីតំបន់ប្រាសាទតាព្រហ្ម កន្លងមកក្រុមការងារព្រៃឈើក៏បានព្យាបាលដើមឈើធំៗនៅតាមប្រាសាទមួយចំនួនទៀត ដូចជាប្រាសាទបាយ័ន តាកែវ ព្រះខ័ន និងតាមដងផ្លូវវង់តូចវង់ធំ ក្នុងរមណីយដ្ឋានអង្គរ។ អ្នកជំនាញព្រៃឈើ លោក សុវណ្ណារិទ្ធ ក៏សំណូមពរដល់ភ្ញៀវទេសចរមានការ ប្រុងប្រយ័ត្នកំឡុងពេលដើរតាមប្រាសាទ និងមានដើមឈើធំៗពិសេសនៅរដូវភ្លៀងនេះ និងសូមអោយ ពួកគេកុំយកដៃកេះ និងបកសំបកដើមឈើ ដែលការណ៍នេះអាចបង្កអោយដើមឈើទាំងនោះងាយ មានជំងឺ។ល។ ៕
ដោយ៖ សូរិយា