ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត រតនគិរីប្រកាសបញ្ជាក់ករណីកម្មករស្លាប់១០នាក់

ចែករំលែក៖

ខេត្តរតនគិរី៖ កម្មករចំការចេកក្រុមហ៊ុន ហ័ងអាញ អណ្ដូងមាសចំនួន ១០នាក់ បានស្លាប់ គិតចាប់ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ។

បើយោងតាមសេចក្ដីប្រកាស របស់មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តរតនគិរី បានឲ្យដឹងថា បន្ទាប់ពីមន្ទីរ បានទទួលដំណឹងអំពីករណីសង្ស័យពុលស្រាស្លាប់ របស់បងប្អូនកម្មករនយោជិត ធ្វើការនៅក្រុមហ៊ុន ហ័ងអាញអណ្ដូងមាស(ចំការចេក) ស្ថិតនៅភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ខាងមន្ទីរបានចុះទៅភ្លាមៗ ដោយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងមន្ទីរសុខាភិបាលខេត្ត ណែនាំឲ្យក្រុមហ៊ុនចាត់វិធានការសុវត្ថិភាព និងសុខភាពការងារជាបន្ទាន់ ដើម្បីបង្កាហានិភ័យ ដល់កម្មករពាក់ព័ន្ធ។

ក្នុងខ្លឹមសារប្រកាសរបស់មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា យោងតាមការស្រាវជ្រាវ លទ្ធផលជាផ្លូវការ របស់ជំនាញមន្ទីរសុខាភិបាលឃើញថា ករណីដែលបណ្ដាលឲ្យមនុស្សស្លាប់ជាបន្តបន្ទាប់នេះ បណ្ដាលមកពីពុលស្រា ដែលគេដាក់តាំងលក់នៅតាមទីតាំងក្បែរក្រុមហ៊ុន។

គួរបញ្ជាក់ថា ជនរងគ្រោះក្នុងករណីខាងលើនេះ មានចំនួន ១១នាក់ បានស្លាប់ចំនួន ១០នាក់ គិតចាប់ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះ៕

ដោយ៖ សូរិយា


ចែករំលែក៖