ព័ត៌មានទាន់ហេតុការណ៍៖

គុយវ៉ែតជំរុញឱ្យអុីរ៉ង់ចរចាកំណត់ព្រំដែនសមុទ្រ

ចែករំលែក៖

ក្រសួងការបរទេសរបស់ប្រទេសគុយវ៉ែតបានអះអាងថា ខ្លួននិងអារ៉ាប៊ីសាអ៊ូឌីត “មានសិទ្ធិផ្តាច់មុខលើធនធានធម្មជាតិនៃវាល Al-Dorra” ខណៈដែលអុីរ៉ង់ក៏ទាមទារយកតំបន់ប្រេងនិងឧស្ម័នហើយដាក់ឈ្មោះថា Arash ។
កាលពីថ្ងៃទី ៣ខែកក្កដា គុយវ៉ែតបានបន្តអំពាវនាវឱ្យអុីរ៉ង់ចូលរួមការចរចាដើម្បីកំណត់ព្រំដែនសមុទ្ររបស់ខ្លួន បន្ទាប់ពីទីក្រុងតេអេរ៉ង់បានប្រកាសថា ខ្លួនបានត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្តើមការខួងយកប្រេងនិងឧស្ម័ននៅឯឆ្នេរសមុទ្រ Al-Dorra ដែលជាកន្លែងមានជម្លោះរវាងប្រទេសទាំងពីរ។
ក្រសួងការបរទេសគុយវ៉ែតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននិងអារ៉ាប៊ីសាអ៊ូឌីត “មានសិទ្ធិផ្តាច់មុខលើធនធានធម្មជាតិនៃវាល Al-Dorra” ។ រដ្ឋគុយវ៉ែតបានអំពាវនាវឱ្យភាគីអុីរ៉ង់ចាប់ផ្តើមការចរចាស្តីពីការកំណត់ព្រំដែនសមុទ្រ។
វាលនេះក៏ត្រូវបានទាមទារដោយប្រទេសអុីរ៉ង់នៅក្នុងជម្លោះដ៏យូរទសវត្សរ៍ និងដាក់ឈ្មោះថា Arash ខណៈដែលគុយវ៉ែតនិងអារ៉ាប៊ីសាអ៊ូឌីតហៅវាថា Al-Dorra។ កាលពីឆ្នាំមុន គុយវ៉ែតនិងអារ៉ាប៊ីសាអ៊ូឌីតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីអភិវឌ្ឍតំបន់នេះ ទោះបីជាមានការជំទាស់ពីប្រទេសអុីរ៉ង់ ដែលចាត់ទុកថាកិច្ចព្រមព្រៀងនេះខុសច្បាប់ក៏ដោយ។
នៅក្នុងសុន្ទរកថាដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អុីរ៉ង់កាលពីសប្តាហ៍មុន នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រេងជាតិអុីរ៉ង់ (NIOC) លោក Mohsen Khojsteh Mehr បាននិយាយថា ក្រុមហ៊ុនបានត្រៀមខ្លួនរួចរាល់ហើយដើម្បីចាប់ផ្តើមការខួងយករ៉ែនៅទីតាំងប្រេងនិងឧស្ម័នខាងលើ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីប្រេងគុយវ៉ែត Saad Al-Barrak បានសម្តែង “ការភ្ញាក់ផ្អើល” ចំពោះផែនការរបស់អុីរ៉ង់ក្នុងការអភិវឌ្ឍតំបន់ប្រេងនិងឧស្ម័ន Arash/Al-Dorra។ លោកបានបន្ថែមថា ការសម្រេចចិត្តនេះគឺ «ផ្ទុយនឹងគោលការណ៍មូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ»៕

ដោយ៖ ធីរីណា(រូប​ថត​៖ AFP)


ចែករំលែក៖