ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាកហុីយ៉ាន់ដា​យបុកម៉ូតូហុងដាឌ្រីម​នៅលេីផ្លូវ៥០ម៉ែត្រ​បណ្ដាលឱ្យបុរសម្នាក់ស្លាប់មួយរំពេច

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់​ខណៈកំពុងជិះម៉ូតូតាមដងផ្លូវ​ស្រាប់តែត្រូវរថយន្តម៉ាកហុីយ៉ាន់ដាយ​បេីកបុកពីក្រោយនិងកិន​បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង​កើតហេតុកាលពីវេលាម៉ោង១០និង២៥នាទីព្រឹក​ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចមុខផ្ទះកាហ្វេ៥០ម៉ែត្រ លើផ្លូវបេតុង៥០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

​    សមត្ថកិច្ចបានឱ្យដឹងថា​ ភាគីម៉ូតូ មានឈ្មោះ ជូ សៀង ភេទប្រុស អាយុ៧៦ឆ្នាំ បើកបរម៉ូតូម៉ាក HONDA  DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FD-8928 (ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ)។​ ចំណែកភាគីរថយន្ត អ្នកបើកបរមិនស្គាល់អត្តសញ្ញាណព្រោះបានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តចំនួន០១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-2325 ជាប្រភេទរថយន្តដឹកទំនិញ។ 

​    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុ​គេឃេីញបុរសរងគ្រោះភាគីខាងម៉ូតូ​ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ​ក្នុងទិសដៅពីលិចទៅកេីត​ក្នុងល្បឿនល្មម​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែភាគីរថយន្តបង្កម៉ាកហុីយ៉ាន់ដាយ​ដែលបេីកស្របទិសគ្នាយ៉ាងលឿនមកបុកពីក្រោយពេញទំហឹង​ បណ្ដាលឱ្យបុរសរងគ្រោះភាគីខាងម៉ូតូដួល​ និងត្រូវរថយន្តកិនចំក្បាលបណ្ដាលឱ្យបែកខួរស្លាប់ភ្លាមមួយរំពេច​ ។ 

​    ក្រោយកើតហេតុ គ្រោះថ្នាក់ចរាចរណ៍ខាងលើត្រូវបានប្រគល់ជូនការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដេីម្បីដោះស្រាយតាមច្បាប់​ ។ ចំណែកសពជនរងគ្រោះ​ ត្រូវបានប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖