ខេត្តបាត់ដំបង៖ អេស្កាវ៉ាទ័របុកគ្រឹះមួយគ្រឿងត្រូវបានអគ្គិភ័យឆាបឆេះអស់ស្ទើរទាំងស្រុងនៅវេលាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់ចំណុចដីឡូត៍មួយកន្លែង ស្ថិតក្នុងក្រុមទី១៧ ភូមិអូរមុន្នី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញអេស្កាវ៉ាទ័រមួយគ្រឿងបើកបរដោយបុរសម្នាក់ដោយធ្វើសកម្មភាពបុកគ្រឹះដើម្បីសាងសង់សំណង់នៅចំណុចខាងលើ។ លុះក្រោយមកទំនងជាឆ្លងចរន្តអគ្គិសនីទើបបណ្តាលអោយឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅតែម្តង។
នៅពេលកើតហេតុបន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាមកម្លាំងជំនាញផ្នែកសណ្ដាប់ធ្នាប់សាធារណៈ សហការជាមួយកម្លាំងអន្តរាគមន៍បានចេញរថយន្តពន្លត់អគ្គិភ័យចំនួនមួយគ្រឿងចុះធ្វើអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន ១ឡានផងដែរ ៕
ដោយ៖ ចន្ទ លីហ្សា