ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាយប់ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៣នេះ បានចេញសារសំឡេងពិសេសដោយបញ្ជាឱ្យសមត្ថកិច្ច និងក្រសួងពាក់ព័ន្ធស្រាវជ្រាវឃាត់ខ្លួនឱ្យបាននូវជនទុច្ចរិតក្លែងបន្លំជាថ្នាក់ដឹកនាំគណបក្ស ប្រជាជនកម្ពុជា បានទៅណែនាំ អ្នកបោះឆ្នោតឱ្យគូសសន្លឹកឆ្នោតខុស ក្លាយទៅជាសន្លឹកឆ្នោតមិនបានការ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសារនៅវេលាយប់រំលងអធ្រាតថា ទង្វើបែបនេះទាមទារឱ្យគ្រប់គណបក្សនយោបាយទាំងអស់ ត្រូវតែបង្រៀនប្រជាពលរដ្ឋ សមាជិកសមាជិការបស់ខ្លួនឱ្យចេះគូសសន្លឹកឆ្នោត ដើម្បីជាសន្លឹកឆ្នោតបានការ។ សម្ដេចតេជោ បញ្ជាក់ថា ក្រុមជនក្លែងបន្លំទាំងនោះបានទៅពន្យល់ប្រជាពលរដ្ឋឱ្យគូសច្រើនដងលើសពីមួយ ពីរ ឬបី គឺមានន័យថា បង្ហាញពីការស្រឡាញ់ពេញចិត្តចំពោះគណបក្ស ប្រជាជនកម្ពុជា។
សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជាចាត់ទុកទង្វើនេះធ្វើឱ្យប្រជាពលរដ្ឋដែលស្រឡាញ់គណបក្ស ប្រជាជនគូសសន្លឹកឆ្នោតកាន់តែច្រើនដើម្បីបង្ហាញពីក្ដីស្រឡាញ់ ដែលទង្វើនេះវិធីសាស្រ្ដរបស់ក្រុមជនក្លែងបន្លំមានបំណងបំផ្លាញការបោះឆ្នោត។
សម្ដេចតេជោ អំពាវនាវទាំងសមាជិកសមាជិកាគណបក្ស ប្រជាជនកម្ពុជា និងបណ្ដាគណបក្សនយោបាយដទៃ ទៀតរួមគ្នាដើម្បីពន្យល់ដល់ប្រជាពលរដ្ឋឱ្យគូសសន្លឹក ឆ្នោតឱ្យបានត្រឹមត្រូវ។ សម្ដេចញ្ជាក់ថា កិច្ចការងារនេះគឺជាកិច្ចការដែលត្រូវធ្វើរួមគ្នាធ្វើ ដើម្បីឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ ឆ្នាំ២០២៣នេះ ធានាបាននូវភាពរលូន និងជោគជ័យសម្រាប់ប្រទេសកម្ពុជាទាំងមូល។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើការស្រាវជ្រាវលើករណីនេះផងដែរ ពីព្រោះក៏មានក្រុមជនអាក្រក់បង្រៀនគូសសន្លឹកឆ្នោតតាមអនឡាញ (Online)ឱ្យគូសសន្លឹកឆ្នោតខុសនេះផងដែរ។ សម្ដេចតេជោបញ្ជាឱ្យធ្វើការស្រាវជ្រាវជាបន្ទាន់ថា តើនណាខ្លះប្រើប្រាស់អនឡាញ ដើម្បីធ្វើការងារនេះដើម្បីរកឱ្យឃើញចំពោះមុខសញ្ញានេះ។
ចំណែកអ្នកដែលក្លែងបន្លំដែលតាំងខ្លួនជាគណបក្ស ប្រជាជនកម្ពុជាហើយទៅបង្រៀនប្រជាពលរដ្ឋឱ្យគូសសន្លឹកឆ្នោតខុស គឺត្រូវចាប់ខ្លួនឱ្យបានដើម្បីចូលរួមដោះស្រាយលើការងាររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជួយទៅដល់សមត្ថកិច្ចក្នុងការអនុវត្តការងាររៀបចំការបោះឆ្នោតឱ្យបានត្រឹមត្រូវទៅតាមច្បាប់។
សម្ដេចតេជោ បញ្ជាក់ថា ដូច្នេះត្រូវធ្វើការរួមគ្នាដើម្បី ប្រទេសជាតិកម្ពុជាទាំងមូលទទួលបានសេចក្ដីសុខសាន្តហើយត្រូវចាប់ឱ្យបានចំពោះជនដែលប្រព្រឹត្តល្មើស ជាពិសេសគណបក្សប្រជាជនកម្ពុជា ត្រូវតែទទួលខុសត្រូវទៅលើការចាប់នណាដែលបន្លំខ្លួនជាមនុស្សរបស់គណបក្សប្រជាជនកម្ពុជាណែនាំប្រជាជនឱ្យទៅគូសសន្លឹកឆ្នោតខុសនេះ។ សម្ដេចបញ្ជាក់ថា ជនទុច្ចរិតនេះ គឺមិនត្រូវទទួលបានការអត់ឱននោះឡើយ៕
ដោយ៖ សូរិយា