ព័ត៌មានទាន់ហេតុការណ៍៖

លោក ទឹម សាវឿន ជាសមាជិកគណកម្មាធិការនាយក គណបក្សភ្លើងទៀន សំណើសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លោក ទឹម សាវឿន ជាសមាជិកគណកម្មាធិការនាយក គណបក្សភ្លើងទៀន និងជាអនុប្រធានគណកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តកណ្តាល សំណើសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមលិខិត របស់លោក សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។ 

នៅក្នុងលិខិត លោក ទឹម សាវឿន បានបញ្ជាក់យ៉ាងដូច្នេះថា : ខ្ញុំបាទឈ្មោះ ទឹម សាវឿន ថ្ងៃខែឆ្នាំកំណើត ៦ វិច្ឆិកា ១៩៨១ មានអាសយដ្ឋាន ផ្ទះលេខ១៦០AEo ផ្លូវ៤៣០ ភូមិ៤ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ តួនាទី ជាសមាជិកគណកម្មាធិការនាយក គណបក្សភ្លើងទៀន និងជាអនុប្រធានគណកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តកណ្តាល ។

សូមគោរពជូន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!

កម្មវត្ថុ៖ សំណើសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។ សេចក្ដីដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំបាទ សូមគោរពជូន សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន មេត្តាជ្រាបថា៖ កន្លងមកខ្ញុំបាទបានចាញ់ឧបាយកលមេដឹកនាំគណបក្សភ្លើងទៀន ដោយមិនបានស្វែងយល់ និងពិចារណាគ្រប់ជ្រុងជ្រោយជឿតាមការញុះញង់ អូសទាញ បោកបញ្ឆោត ប្រើប្រាស់ខ្ញុំបាទជាឈ្នាន់នយោបាយជាមួយក្រុមការងារគណបក្សភ្លើងទៀន ដោយមិនបានគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋឡើយ។

ក្រោយពីបានតាមដានយ៉ាងយកចិត្តទុកដាក់អំពីការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមគ្គុទេសដ៏ឆ្នើមបានដឹកនាំប្រទេសកម្ពុជា និងបានរំដោះប្រជាពលរដ្ឋខ្មែរឱ្យ រស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយខិតខំកសាង ប្រទេសពីបាតដៃទទេរហូតដល់មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋ និងមិនបោះបង់ចោលប្រជាពលរដ្ឋឡើយ។ កត្តាទាំងនេះហើយដែលធ្វើឱ្យខ្ញុំបាទ វាយតម្លៃខ្ពស់ថា មានតែ គណបក្សប្រជាជនកម្ពុជានោះទេ ដែលមានឧត្តមគតិត្រឹមត្រូវ និងមានគុណបំណាច់យ៉ាងធំធេងចំពោះ ជាតិមាតុភូមិ។ ដូច្នេះហើយ ខ្ញុំបាទ សូមគាំទ្រទាំងស្រុងនូវកម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស ប្រជាជនកម្ពុជា។

អាស្រ័យដូចបានគោរពជូនខាងលើ សូម សម្តេចតេជោ មេត្តាពិនិត្យ និងសម្រេចឱ្យខ្ញុំបាទ បាន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយក្តីអនុគ្រោះបំផុត។

សូម សម្ដេចតេជោ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំបាទ ៕

ដោយ ៖ សិលា


ចែករំលែក៖