ព័ត៌មានទាន់ហេតុការណ៍៖

ទំនាក់ទំនង កងកម្លាំងទាហានជើងទឹកចិន និងរុស្ស៊ីកាន់តែជិតស្និទ្ធ

ចែករំលែក៖

ក្នុងសប្តាហ៍នេះ ចិនបានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ នាវាចម្បាំងរុស្ស៉ី២គ្រឿង ដែលទើបតែបានធ្វើដំណើរឆ្លងកាត់ក្បែរ កោះតៃវ៉ាន់ហើយនិងប្រទេសជប៉ុន ខណៈក្រុមនាវាចម្បាំងរុស្ស៉ីនោះ ត្រូវគេរំពឹងថា នឹងចូលរួមការធ្វើសមយុទ្ធជាមួយកងទ័ពជើងទឹកចិន អំលុងការបំពេញទស្សនកិច្ចរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៣។
នាវាចម្បាំងប្រភេទ frigate ចំនួន២គ្រឿងរបស់រុស្ស៉ី ឈ្មោះ ក្រូមគី (Gromkiy) និង សូវើសិននី (Sovershenniy) ដែលមកពីកងនាវាប្រចាំតំបន់ប៉ាស៉ីហ្វិក មានមូលដ្ឋាននៅទីក្រុងវ៉្លាឌីវ៉ូស្តុក (Vladivostok) បានចូលចតនៅឯកំពង់ផែនៃទីក្រុងសៀងហៃ កាលពីថ្ងៃពុធសប្តាហ៍នេះ។ អំលុងទស្សនកិច្ចរយៈពេល៧ថ្ងៃ នាវាចម្បាំងទាំង២គ្រឿង នឹងធ្វើសមយុទ្ធជើងទឹករួមគ្នាជាមួយយោធាចិន នៅទីនោះ។
មុនមកដល់ចិន នាវាចម្បាំង Gromkiy និង Sovershenniy បានបើកឆ្លងកាត់ដែនទឹកនៅក្បែរកោះតៃវ៉ាន់ កាលពីចុងខែមិថុនា។ ដែនកោះនេះ ត្រូវបានទីក្រុងប៉េកាំងចាត់ទុក ត្រឹមជាខេត្តមួយប៉ុណ្ណោះរបស់ប្រទេសចិន។ ក្រោយមក ពួកវាក៏បានធ្វើដំណើរឆ្លងកាត់ក្បែរកោះ អូគីណាវ៉ា (Okinawa) របស់ប្រទេសជប៉ុន កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះផងដែរ ដែលជាទីតាំងនៃមូលដ្ឋានយោធាធំមួយរបស់សហរដ្ឋអាមេរិក។
ចិននិងរុស្ស៉ីបានប្តេជ្ញាពង្រឹងចំណងទាក់ទងផ្នែកយោធាជាមួយគ្នា ឱ្យកាន់តែរឹងមាំថែមទៀត ហើយកាលពីថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋមន្រ្តីការពារជាតិចិន លោក លី សាងហ្វូ (Li Shangfu) ទើបតែបានជួបជាមួយប្រមុខកងទ័ពជើងទឹករុស្ស៉ី លោក នីកូឡៃ យេវមេនូវ (Nikolai Yevmenov) នៅទីក្រុងប៉េកាំង៕ ដោយ៖ ធីរីណា

រូប​ថត​៖ Vietnamplus.vn


ចែករំលែក៖