ខេត្តកំពត ៖ លោក នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកឈូ និងក្រុងបូកគោ បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំអភិវឌ្ឍប្រទេសឱ្យរីកចម្រើនកាន់តែខ្លាំងឡើងបន្ថែមទៀតក្រោមដំបូលនៃសន្តិភាព។ សន្តិភាពរយៈពេលជាង ២៤ ឆ្នាំមកនេះបានផ្តល់ឱកាសដល់កម្ពុជាក្នុងការកសាងប្រទេសឡើងវិញឱ្យមានការរីកចម្រើនខ្លាំងជាមួយកំណើនសេដ្ឋកិច្ចដ៏ខ្ពស់ កសាងខឿនសេដ្ឋកិច្ចរឹងមាំ ខឿនការពារជាតិ ខឿនសុខុមាលភាព និងផ្តល់កិច្ចគាំពារសង្គមព្រមទាំងកសាងនូវកេរ្តិ៍ឈ្មោះ និងកិត្យានុភាពជាតិខ្មែរឡើងវិញនៅលើឆាកអន្តរជាតិ។
ការអំពាវនាវនេះធ្វើឡើងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ អំឡុងពេលលោក ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋាននិងមន្ត្រីគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកទឹកឈូចុះធ្វើយុទ្ធនាការឃោសនាតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋនៅក្នុងឃុំម៉ាកប្រាង្គ ស្រុកទឹកឈូ ខេត្តកំពតដើម្បីផ្សព្វផ្សាយពីកម្មវិធីនយោបាយរបស់គណបក្ស លេខរៀងគណបក្សប្រជាជនកម្ពុជាលើសន្លឹកឆ្នោត និងការបង្រៀនពលរដ្ឋគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវដើម្បីការផ្តល់សេចក្តីទុកចិត្តរបស់គាត់លើគណបក្សបានការ និងមានតម្លៃ។ លោក នេត្រ ភក្ត្រា បានថ្លែងថា ជម្រើសរបស់បងប្អូនប្រជាពលរដ្ឋដែលល្អបំផុតគឺគណបក្សប្រជាជនកម្ពុជា ហើយការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាការបោះឆ្នោតឱ្យខ្លួនឯង និងដើម្បីការពារសន្តិភាពនិងការអភិវឌ្ឍដែលមាន។
ក្នុងអំឡុងនៃការយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមការងារគណបក្សឃុំម៉ាកប្រាង្គ បានបន្តចុះតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋប្រកបដោយភាព ស្វាហាប់ និងយកចិត្តទុកដាក់ខ្ពស់។ ប្រជាពលរដ្ឋបានទទួលស្វាគមន៍ក្រុមការងារយ៉ាងកក់ក្តៅ និងបង្ហាញនូវការគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន បេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីអនាគត ព្រមទាំងបង្ហាញការពេញចិត្តចំពោះកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដែលដាក់ចុះដោយគណបក្សប្រជាជនកម្ពុជាសម្រាប់ឆ្នាំ២០២៣-២០២៨ ដែលបានតម្កល់ឧត្តមប្រយោជន៍ជាតិនិងប្រជាពលរដ្ឋជាធំ។ លោក នេត្រ ភក្ត្រា បានថ្លែងអំណរបងប្អូនប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់ៗអាណត្តិដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី និងមានលទ្ធភាពពេញលេញដឹកនាំប្រទេសឱ្យរីកចម្រើនលើគ្រប់វិស័យ។
លោកអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកឈូ និងក្រុងបូកគោ បានលើកឡើងថាការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋគឺដើម្បីបំពេញភារកិច្ចជាពលរដ្ឋល្អ និងសូមគូសសញ្ញាគាំទ្រគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ លើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវស្របតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីឱ្យសន្លឹកឆ្នោតរបស់យើងបានការនិងមានតម្លៃដែលជាសំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជាដែលត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំងដោយសារតែកត្តា ៣ សំខាន់គឺ១)គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលមានភាពចាស់ទុំផ្នែកនយោបាយ, ទី២) ថ្នាក់ដឹកនាំនិងសមាជិកសមាជិកាគណបក្សពោរពេញដោយសមត្ថភាពនិងទេពកោសល្យដឹកនាំជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សដែលអគ្គមគ្គុទ្ទេសក៏ដ៏សំខាន់ក្នុងការដឹកនាំប្រទេសឱ្យមានការរីកចម្រើនរុងរឿង កសាងកេរ្តិ៍ឈ្មោះ កិត្តិយស និងកិត្យានុភាពជាតិឱ្យល្បីរន្ទឺឡើងវិញ និង ទី៣)គោលនយោបាយគណបក្សប្រជាជនកម្ពុជាបានតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាធំ, ជា នយោបាយជាក់ស្តែងនិយមនិងឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋ» ៕
ដោយ ៖ សហការី