ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ ច្រានចោលទាំងស្រុងជុំវិញព័ត៌មានដែលថាមានការបំផ្លិចបំផ្លាញរូបចម្លាក់ថ្មីៗនៅជញ្ជាំងប្រាសាទបន្ទាយក្នុង ខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ នៅថ្ងៃទី៦ ខែកក្កដា  ឆ្នាំ២០២៣ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះវិហា សូមធ្វើការច្រានចោលនូវការចេញផ្សព្វផ្សាយរបស់ ម្ចាស់Account Facebook ឈ្មោះ Sisowath Sithiden នៅប៉ុន្មានម៉ោងមុន ដោយបានបង្ហោះពាក់ព័ន្ធការ បំផ្លិចបំផ្លាញរូបចម្លាក់ថ្មីៗនៅជញ្ជាំងប្រាសាទបន្ទាយក្នុង នៅក្នុងតំបន់ប្រាសាទបាកាន(ព្រះខ័ន) ដែល មានទីតាំងស្ថិតនៅភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដោយភ្ជាប់ជាមួយរូបភាពដែលជា ហេតុធ្វើឲ្យមហាជនទូទាំងប្រទេសមានការយល់ច្រលំ។ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈសូមធ្វើការច្រាន ចោលទាំងស្រុងជុំវិញព័ត៌មានដែលថាមានការបំផ្លិចបំផ្លាញរូបចម្លាក់ថ្មីៗនៅជញ្ជាំងប្រាសាទបន្ទាយក្នុង នៅក្នុងតំបន់ប្រាសាទបាកាន(ព្រះខ័ន)។

សូមបញ្ជាក់ថា រូបចម្លាក់ដែលម្ចាស់Account Facebook ខាងលើបានយកទៅផ្សព្វផ្សាយនោះគឺ ជារូបភាពដែលបានដាប់បំផ្លាញតាំងពីទស្សវត្សទី៩០មកម្លេះ មិនមែនជាការដាប់បំផ្លាញនាពេលថ្មីៗនេះ ទេ។ នាពេលបច្ចុប្បន្ននេះតំបន់ប្រាសាទបាកាន(ព្រះខ័ន)ត្រូវបានទទួលការគាំពារ និងអភិរក្ស ដោយមាន កំលាំងអភិរក្ស និងប៉ូលីសបេតិកភណ្ឌ ដែលឈរជើងប្រចាំការនៅទីនោះ មិនក្រោមពី៣០នាក់ឡើយ។ អាស្រ័យហេតុនេះសូមសាធារណៈជនទាំងអស់មេត្តាទទួលជ្រាបជាព័ត៌មាន   

ដោយ ៖ សហការី


ចែករំលែក៖