ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងពិធី រុក្ខទិវា ៩កក្កដា នៅខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃអាទិត្យ ទី៩ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធី «រុក្ខទិវា ៩កក្កដា» នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមដង្ហែព្រះរាជដំណើរព្រះមហាក្សត្រ ពីសំណាក់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងសមាជិកព្រឹទ្ធសភា រដ្ឋសភា និងសមាជិករាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ឆ្នាំងជាច្រើនរូបទៀត។

នាឱកាសនោះ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលអំពាវនាវដល់ប្រជាពលរដ្ឋ នាំគ្នាចូលរួមការពារព្រៃឈើ សត្វព្រៃ និងនាំគ្នាដាំដើមឈើ ជាអត្តសញ្ញាណជាតិ ដើម្បីទុកសម្រាប់កូនចៅជំនាន់ក្រោយ ដែលជាមរតកដ៏មានតម្លៃរបស់ជាតិ។

ព្រះអង្គ ទ្រង់មានព្រះរាជបន្ទូលទៀតថា ប្រជាពលរដ្ឋកម្ពុជា បានយល់ច្បាស់ណាស់ពីសារៈប្រយោជន៍ព្រៃឈើ គឺជាទ្រព្យសម្បត្តិរបស់ជាតិ ដែលមានតម្លៃដ៏មហាសាល សម្រាប់ជីវិតមនុស្ស និងសត្វនៅលើភពផែនដី។ ការបាត់បង់ព្រៃឈើ គ្រប់ប្រភេទអាចបណ្តាលឱ្យមានទឹកជំនន់ ខ្យល់កន្ត្រាក់ រន្ទះនិងគ្រោះរាំងស្ងួត ដែលធ្វើឱ្យជាទីតម្កល់ទឹក សម្រាប់តម្រូវការបស់មនុស្ស និង សត្វត្រូវរីងស្ងួត និងឈានទៅរកការបាត់បង់ព្រៃ សត្វព្រៃគ្រប់ប្រភេទ និងឈានដល់បង្ករ ឱ្យមានភាពរហោស្ថាន និងការធ្លាក់ចុះគុណភាពដីផងដែរ។

សូមជម្រាបជូនដែរ ផ្អែកលើចក្ខុវិស័យដ៏ត្រចះត្រចង់របស់ព្រះបរមរតនកោដ្ឋ និងដើម្បីបន្តស្នាព្រះហស្ថរបស់ព្រះអង្គ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបង្កើតឡើងវិញនូវ «រុក្ខទិវា» តាមសេចក្តីសម្រេចចុះថ្ងៃទី១២ ខែមករា ឆ្នាំ១៩៩០ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី៩ ខែកក្កដា ហើយច្បាប់ស្តីពីព្រៃឈើឆ្នាំ២០០២ ក៏បានកំណត់ទិវាពលកម្មដាំដើមឈើជាប្រពៃណីជាតិ ហៅថា «រុក្ខទិវា» នៅថ្ងៃទី៩ ខែកក្កដា ជារៀងរាល់ឆ្នាំ៕

ដោយ ៖ សហការី


ចែករំលែក៖