ព័ត៌មានទាន់ហេតុការណ៍៖

អាកាសយានដ្ឋានអន្តរជាតិតេជោដំណាក់កាលទី១ សម្រេចបានជាង ៥០ភាគរយ

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឱ្យដឹងថា លទ្ធផលការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ(ភ្នំពេញថ្មី) ក្នុងដំណាក់ការទី១ គិតត្រឹមថ្ងៃទី៣០ ខែមិថុនាកន្លងទៅសម្រេចបានជាង៥០ភាគរយ ដោយចំណាយទឹកប្រាក់ចំនួន ៧១២ លានដុល្លារអាមេរិក។

លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការនិងជាអ្នក នាំពាក្យលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រាប់ថា ការងារសាងសង់គម្រោងទាំងមូល (ដំណាក់កាលទី១) គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤ និងគ្រោងដាក់ឱ្យដំណើរ ការនៅឆ្នាំ២០២៥ប្រសិនបើគ្មានអ្វីប្រែប្រួលទេ។ នេះបើយោងលើកម្មវិធីការងារមេ (Updated Master Schedule) ដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយដោយក្រុមហ៊ុនសាងសង់ CAIC។

លោកបានថ្លែងថា ៖ «បន្ទាប់ពីដំណាក់កាលទី១ ត្រូវបានបញ្ចប់ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមានសមត្ថភាពទទួលបានការចុះចតយន្តហោះរហូតដល់កូដអេហ្វ(Code E: A-340-300, A350-900 នឹង B777- 200/300ER, B747-300/400) ដែលមានចំណតយន្តហោះចំនួន៣២ ចំណត អាចទទួលអ្នក ដំណើរបានពី១៣លានទៅ១៥លាននាក់/ឆ្នាំ (២០២៤) និងអាចទទួលទំនិញតាមផ្លូវអាកាសពី ១៧៥,០០០ តោនក្នុងមួយឆ្នាំ(២០២៤) ទៅ៣០,០ ០០តោន/ឆ្នាំ (២០៣០-២០៤០)»។

រីឯវឌ្ឍនភាពនៃការសាងសង់ផ្លូវតភ្ជាប់ពីមហាវិថីសម្តេច ហ៊ុនសែន ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានទទឹងប្រវែង៦០ម៉ែត្រ និងបណ្តោយប្រវែង ១៣.៥ គីឡូម៉ែត្រវិញ លោកបានបញ្ជាក់ថា សម្រេចបាន ៤៦ភាគរយ ដែលផ្លូវនេះត្រូវបានតភ្ជាប់ពីមហាវិថីសម្ដេចហ៊ុនសែន កាត់ផ្លូវជាតិលេខ២ ឆ្ពោះត្រង់ទៅកាន់អាកាសយាន ដ្ឋានអន្តរជាតិតេជោតែម្ដង ។

ដោយឡែក ចំពោះស្ថានភាពនៃវិស័យអាកាសចរណ៍រយៈពេល ៦ខែ ឆ្នាំ២០២៣ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានប្រាប់ឱ្យដឹងដែរថា ចំនួនអ្នកដំណើរមានចំនួនជាង២,៤ លាននាក់ (២,៤៨០,០៣២) ដែលមានការកើនឡើងជិត ២៧០ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២។

លោក ស៊ីន ចាន់សិរីវុត្ថា មានប្រសាសន៍ថា ចំនួនជើង ហោះហើរមានចំនួន ២៤ ៧២៥ ជើងមានការកើនឡើង ជិត ១៥០ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា (៦ខែ) នៅឆ្នាំ២០២២ ខណៈដែល ចំនួនទំនិញ មានចំនួនជាង ២៤ពាន់តោន (២៤,៦១៦) មានការថយចុះជាង ១៧ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២។

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បាននិយាយថា នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី)សាងសង់រួចរាល់១០០% វានឹងបង្កលក្ខណៈងាយស្រួលកាន់តែខ្លាំងសម្រាប់ភ្ញៀវអន្តរជាតិ ក្នុងការធ្វើដំណើរមកប្រទេសកម្ពុជា ពិសេសនឹងជំរុញឱ្យមានការតភ្ជាប់ជើងហោះត្រង់មកកម្ពុជា បានកាន់តែច្រើនថែមទៀត ដោយសារតែអាកាសយានដ្ឋានតេជោនេះ មានសមត្ថភាពទទួលយន្តខ្នាតធំច្រើន។

លោកបានបញ្ជាក់ទៀតថា  ដូចយើងដឹងហើយថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ផ្លូវគោក ផ្លូវអាកាសនេះ ជាកត្តាសំខាន់ណាស់ក្នុងការជំរុញកំណើនទេសចរមកកាន់កម្ពុជាយើង ហើយរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំកសាងអាកាសយានដ្ឋានថ្មីៗនៅតាមបណ្តាខេត្តគោលដៅទេសចរណ៍នានា ដើម្បីធ្វើយ៉ាងបង្កលក្ខណៈងាយស្រួលដល់ទេសចរអន្តរជាតិ មកកម្សាន្តនៅកម្ពុជា៕

ដោយ៖ សូរិយា


ចែករំលែក៖