ភ្នំពេញ៖ ធ្វើឲ្យគ្រប់គ្នា ចាប់អារម្មណ៍មុននេះក្រោយពីអតីតតារាសម្តែង និងពិធីការិនីម៉ៅ ចំណាន ហៅស្រីតូចចំណានដែលគេស្គាល់ថាជាភរិយាបណ្តូលចិត្តអ្នកជំនួញលំដាប់សេដ្ឋីនៅកម្ពុជា ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារជាអ្នកឧកញ៉ា ។
សារអបអរសាទរជាច្រើនត្រូវបានបញ្ចេញនៅលើបណ្តាញសង្គមមុននេះ ដោយលោកជំទាវស្រីតូច ចំណានទទួលបានគោរមងារជាអ្នកឧកញ៉ា ខណៈដែលកូនប្រុសសំណព្វឈ្មោះ គិត សូឡា ទទួលគោរមងារជាឧកញ៉ា ទាំងវ័យក្មេង។ បើទោះបីជាយ៉ាងណានេះមិនមែនជារឿងចៃដន្យឡើយដែលពួកគាត់ទទួលបានគោរមងារនេះ ដែលគេដឹងដែរថាកន្លងទៅទាំងស្រីតូចចំណាន និងក្រុមគ្រួសារបានចូលរួមចំណែកក្នុងកិច្ចការងារសង្គមជាច្រើនបន្តបន្ទាប់ ពិសេសលើកិច្ចការងារសប្បុរសធម៌នោះតែម្តង។ អ្វីដែលគេចាប់អារម្មណ៍ខ្លាំងគឺស្រីតូច ចំណានដែលត្រូវបានគេចាត់ទុកថាជាអតីតសិល្បការិនីដែលមានសំណាងជាងគេក្នុងចំណោមអតីតសិល្បការិនីនៅកម្ពុជា ដែលទទួលបានការស្រលាញ់ថ្នាក់ថ្នម ពីឧត្តមស្វាមីដែលជាអ្នកជំនួញជួរមុខនៅកម្ពុជា ហើយពេលនេះលោកជំទាវក៏ជាអតីតសិល្បការិនីដែលទទួលបានគោរពងារជាអ្នកឧកញ៉ា ដំបូងគេផងដែរ។ អ្វីដែលជាការកត់សម្គាល់អតិតតារាសម្តែងរូបនេះក៏ជាអ្នកជំនួញឆ្នើម ដែលបានកាន់កាប់ការងារមុខជំនួញជាច្រើនបន្តបន្ទាប់ដោយទទួលបានជោគជ័យខ្លាំងទាំងវិស័យប្រព័ន្ធផ្សព្វផ្សាយ ធនាគារ សណ្ឋាគារនិងមុខជំនួញជាច្រើនក្នុងដៃទៀត។
គួរបញ្ជាក់ដែរថា អ្នកនាង ស្រីតូច ចំណាន មានឈ្មោះពិតថា ម៉ៅ សុចំណាន កើតនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៨៣ នៅខេត្តស្វាយរៀង ដោយមានឪពុក ជាមន្ត្រីកងយោធពលខេមរភូមិន្ទ ។អ្នកនាង ស្រីតូច ចំណាន បានបោះជំហានចូលប្រឡូកក្នុងវិថីសិល្បៈ ក្នុងអំឡុងឆ្នាំ១៩៩៨ ដោយអាជីពដំបូងដែល នាងស្រវ៉ាយកការច្រៀង និងបានចូលសម្តែង ខារ៉ាអូខេ នៅក្នុងផលិតកម្មហង្សមាស ផលិតកម្ម យូធូ និងផលិត ស្ទឹងសង្កែ រហូត ក្លាយជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ៥ផងដែរ ។ គ្រានោះអ្នកនាងត្រូវបានគេចាត់ទុកថាជាសិល្បការិនីដែលមានរូបសម្រស់ស្រស់សោភាម្នាក់ក្នុងចំណោមសិល្បការិនីលេចធ្លោរដទៃ។ អ្នកនាងក៏ធ្លាប់ត្រូវបានគេចាត់ទុកថាជាតារាស្រីដែលមានរាសី និងជីវិតឧត្តុង្គឧត្តម បន្ទាប់ពីនាងបានរស់នៅ ជាមួយអ្នកឧកញ៉ា គិត ម៉េង រហូតមកដល់បានរៀបចំពិធីមង្គលការផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ក្រោយពីបានទទួលចំណងដៃ កូនចំនួន៤នាក់ ក្នុងនោះស្រីពីរនាក់ និងប្រុសពីរនាក់៕
ដោយ ៖ វឌ្ឍនា