ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់និងបាក់ដីនៅប្រទេសជប៉ុន ពលរដ្ឋរាប់សិបម៉ឺននាក់ជម្លៀសទៅកាន់តំបន់សុវត្ថិភាព

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបាននិងកំពុងវាយលុកលើភាគនិរតីនៃប្រទេសជប៉ុន ហើយបានបង្កឱ្យមានគ្រោះទឹកជំនន់និងគ្រោះរអិលបាក់ដី ដែលបានផ្តាច់ជីវិតមនុស្សយ៉ាងហោចណាស់ម្នាក់ និងបង្កឱ្យ៦នាក់ផ្សេងទៀតបាត់ខ្លួន។
ទីភ្នាក់ងារឧតុនិយមជប៉ុន នាថ្ងៃចន្ទនេះបានចេញសេចក្តីប្រកាសអាសន្នបន្ទាន់មួយសម្រាប់ខេត្តហ្វូគូអូកា (Fukuoka) និងអូអ៉ីតា (Oita) ដែលស្ថិតនៅផ្នែកភាគខាងត្បូងនៃកោះគ្យូស៊ុ (Kyushu) ដោយបានព្រមានពីការធ្លាក់ភ្លៀង ក្នុងកម្រិតខ្លាំងក្លាបំផុតមិនធ្លាប់មាននៅក្នុងតំបន់ ហើយបានទទូចឱ្យប្រជាជនទាំងអស់ដែលរស់នៅតាមមាត់ទន្លេនិងជម្រាលភ្នំ ចាត់វិធានការបង្ការជាអតិបរមា។ ប្រជាជនជប៉ុនសរុបច្រើនជាង៤២០,០០០នាក់នៅខេត្ត Fukuoka និង Oita ត្រូវស្ថិតក្រោមកម្រិតខ្ពស់បំផុតនៃសេចក្តីណែនាំឱ្យជម្លៀសខ្លួន។
ភ្លៀងបានបន្តធ្លាក់នៅតំបន់ Kyushu និងតំបន់ជូហ្គោគុ (Chugoku) ចាប់តាំងតែពីចុងសប្តាហ៍កន្លងទៅ ហើយបានបង្កឱ្យមានបំណាក់ដីនិងការជន់លិចនៅតាមបណ្តោយដងទន្លេខ្លះ ព្រមទាំងឈានដល់ការបិទផ្លូវធ្វើដំណើរ បង្អាក់ប្រតិបត្តិការរថភ្លើង និងកាត់ផ្តាច់ការផ្គត់ផ្គង់ទឹកនៅតាមតំបន់មួយចំនួន។
ប្រទេសជប៉ុនកំពុងតែស្ថិតក្រោមរដូវភ្លៀងប្រចាំឆ្នាំ ដែលជារឿយៗនាំមកនូវការធ្លាក់ភ្លៀងជោកជាំ ហើយពេលខ្លះបណ្តាលឱ្យមានការជន់លិចខ្លាំង រួមជាមួយគ្រោះរអិលបាក់ដីព្រមទាំងមនុស្សបាត់បង់ជីវិត។ ក្រុមអ្នកវិទ្យាសាស្រ្តបាននិយាយថា បញ្ហាប្រែប្រួលធាតុអាកាសកំពុងតែជំរុញហានិភ័យនៃការធ្លាក់ភ្លៀងខ្លាំងធ្ងន់ធ្ងរជាងធម្មតាទាំងនៅប្រទេសជប៉ុននិងនៅកន្លែងផ្សេងទៀត ដោយសារអាកាសធាតុក្តៅ ផ្ទុកបរិមាណទឹកច្រើននៅក្នុងបរិយាកាស៕ ដោយ៖ ធីរីណា

រូបថត៖ TTXVN 


ចែករំលែក៖