ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ចាប់ពីខែមករាដល់មិថុនា ឆ្នាំ២០២៣ នេះ ការនាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេស សម្រេចបានក្នុងបរិមាណជាង ៣៦៣ ១៧៣ តោន ។ ចំនួននេះថយចុះ ១២,៦៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្មបញ្ជាក់ថា ការនាំចេញគ្រាប់ស្វាយចន្ទីថយចុះក្នុងឆមាសទី១ឆ្នាំ នេះ ដោយសារស្ថានភាពមិនច្បាស់លាស់ខាងទីផ្សារ និងបញ្ហាបម្រែបម្រួលអាកាសធាតុនាំឱ្យប៉ះពាល់ដល់ទិន្នផល។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា «មូលហេតុនៃការថយចុះនេះ ក៏បណ្តាលមកពីកត្តាមួយទៀតដែរ គឺបញ្ហាគុណភាពនៃដំណាំ ហើយការនាំចេញដោយគ្មានការស្នើសុំវិញ្ញាបនបត្រភូតគាមអនាម័យ (ការនាំចេញក្រៅផ្លូវការ) តាមច្រក របៀងទៅកាន់ប្រទេសវៀតណាម និងប្រទេសថៃ មួយចំនួនទៀតមិនមានការកត់ត្រា»។
បើតាមលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក) បានប្រាប់ឱ្យដឹងថា កត្តាដែលធ្វើឲ្យធ្លាក់ចុះដោយសារកសិករកាប់ស្វាយចន្ទីចោលអស់ប្រមាណ១០ម៉ឺនហិកតា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ លោកបានបន្ថែមថា បច្ចុប្បន្នភាពផ្ទៃដីក្រៅផ្លូវការ ប្រមូលដោយ ស.ស.ក សរុបផ្ទៃដីដាំដុះស្វាយចន្ទីទូទាំងប្រទេសមានចំនួន ៤៩៣ ០៨៧ ហិកតា ប៉ុន្តែស.ស.ក ប៉ាន់ប្រមាណថាមានទំហំរហូតដល់៧០០០០០ហិកតា។ ដោយឡែកផ្ទៃដីស្វាយចន្ទីក្រៅតំបន់ សមាគមស្វាយចន្ទីកម្ពុជា ដែលថតដោយក្រុមហ៊ុន AGRITEKK TECH NOLOGIES មានចំនួន ១៣០ ៣៨៣ ហិកតា។
លោក អួន ស៊ីឡុត បានបញ្ជាក់ទៀតថា «ម្យ៉ាងវិញទៀត កសិករមានធនធានហាលគ្រាប់ទុកលក់នៅពេលគ្រាប់ឆៅឡើងថ្លៃចន្លោះពីខែសីហា និងខែតុលា ទើបគាត់សម្រេចចិត្តលក់ ខណៈដែលកសិករខ្លះទៀតមានតម្រូវ ការលក់ភ្លាមៗ ព្រោះត្រូវការទូទាត់ជាមួយខាងធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុជាដើម»។
លោកបន្ថែមថា ក្នុងឆ្នាំ២០២២កន្លងទៅ ទំហំទឹកប្រាក់ដែលបានចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចជាតិ តាមរយៈការនាំចេញផលិតផលស្វាយចន្ទីមានប្រមាណ១ ០៧៧ លានដុល្លារ ដែលជាចំនួនដ៏ច្រើនមួយបន្ទាប់ពីស្រូវអង្ករ ដែលនេះបង្ហាញថាការអភិវឌ្ឍន៍វិស័យស្វាយចន្ទីពិតជា មានសារៈសំខាន់ណាស់ សម្រាប់កំណើនសេដ្ឋកិច្ចជាតិ។
លោកប្រាប់ថា«ដូច្នេះហើយ ទើបស.ស.កបានខិតខំស្វះ ស្វែរកកិច្ចសហការពីដៃគូពាក់ព័ន្ធនានា ជាពិសេសផ្នែកហិរញ្ញ ប្បទាន ដើម្បីជំរុញការនាំចេញស្វាយចន្ទីនេះ។ កាលពីខែមិថុនា ឆ្នាំ២០២៣ យើងបានសហការជាមួយធនាគារ SME ដើម្បីការជំរុញលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលជាសមាជិកនៃសមាគម ស្វាយចន្ទីកម្ពុជា ក្នុងការទទួលបានអត្រាការប្រាក់ទាបជាងមុន»។
លោក អួន ស៊ីឡុត បានបន្ថែមថា កិច្ចសហប្រតិបតិ្តការនេះ ជាគោលដៅយុទ្ធសាស្រ្តដែលធនាគារបានកំណត់ ដើម្បីគាំទ្រដល់ការរីកចម្រើននៃវិស័យស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា។ «យើងជឿជាក់យ៉ាងមុតមាំថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាផ្នែកមួយក្នុងដោះស្រាយបញ្ហាប្រឈមក្នុងខ្សែចង្វាក់ផលិតកម្មស្វាយ ចន្ទី ក៏ដូចជាជួយលើកកម្ពស់វិស័យឧស្សាហកម្មកែច្នៃស្វាយចន្ទីនៅកម្ពុជា ឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត»។ នេះបើតាមលោក ស៊ីឡុត បញ្ជាក់បន្ថែម។
បើតាមលោក អួន ស៊ីឡុត ប្រសិនបើរាជរដ្ឋាភិបាលចង់ជំរុញឱ្យវិស័យស្វាយចន្ទីដើរបានកាន់តែលឿន រាជរដ្ឋា ភិបាលត្រូវលើកទឹកចិត្តវិនិយោគិនក្នុងស្រុក ដែលមានទុនច្រើនធ្វើការវិនិយោគលើការកែច្នៃដើម្បីនាំចេញ ជាជាងរង់ចាំវិនិយោគិនបរទេស៕
ដោយ៖ សូរិយា