សារព័ត៌មានរុស្ស៉ី RIA នៅថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីបានរាយការណ៍នៅថ្ងៃចន្ទនេះថា ការចរចាដែលរំពឹងទុករវាងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន នឹងប្រធានាធិបតីទួរគី លោក តាយីព អឺដូហ្កាន់ (Tayyip Erdogan) គឺជាក្តីសង្ឃឹមតែមួយគត់ក្នុងការបន្តកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិតាមច្រកសមុទ្រខ្មៅដែលត្រូវផុតកំណត់នៅសប្តាហ៍ក្រោយ។
កិច្ចព្រមព្រៀងរវាងរុស្ស៉ី នឹងអ៊ុយក្រែន ក្រោមការសម្របសម្រួលពីអង្គការសហប្រជាជាតិ និងទួរគីនៅក្នុងខែកក្កដា ឆ្នាំ២០២២ ក្នុងគោលបំណងការពារវិបត្តិស្បៀងអាហារពិភពលោក បានអនុញ្ញាតឱ្យគ្រាប់ធញ្ញជាតិអ៊ុយក្រែនដែលត្រូវជាប់គាំងដោយសារតែការឈ្លានពានរបស់រុស្ស៉ី អាចនាំចេញដោយសុវត្ថិភាពពីកំពង់ផែសមុទ្រខ្មៅ។
ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ RIA បានរាយការណ៍ថា «មិនមានសុទិដ្ឋិនិយមទេ» សម្រាប់ការបន្តកិច្ចព្រមព្រៀង ផ្អែកលើគោលជំហររបស់ទីក្រុងមូស្គូដែលបានអះអាង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ប្រភពដដែលបញ្ជាក់ថា «តាមការអនុវត្តរបស់យើងកន្លមក មានតែការចរចារវាងមេដឹកនាំទាំងពីរនោះទេ ដែលអាចផ្លាស់ប្តូរស្ថានភាពក្នុងដំណាក់កាលដ៏លំបាកនាពេលបច្ចុប្បន្ន ហើយមិនមានករណីលើកលែងនោះទេ។ កិច្ចពិភាក្សានៅថ្ងៃនោះ គឺជាក្តីសង្ឃឹមតែមួយគត់»។
កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន លោក អឺដូហ្កាន់ និយាយថា លោកកំពុងជំរុញឱ្យភាគីរុស្ស៉ីបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី ១៧ ខែកក្កដា យ៉ាងហោចណាស់ឱ្យបាន ៣ខែទៀត ព្រមជាមួយនឹងការប្រកាសពីដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ទីក្រុងអង់ការ៉ា ក្នុងខែសីហា។ យ៉ាងនេះក្តី វិមានក្រឹមឡាំងបានបដិសេធថា ជំនួបនៃមេដឹកនាំទាំងពីរនៅមិនទាន់ប្រាកដនៅឡើយនោះទេ៕ ដោយ៖ ធីរីណា
រូបថត៖ AP