ភ្នំពេញ៖ អ្នកនាំពាក្យគ.ជ.ប.លោក ហង្ស ពុទ្ធា បានឱ្យថា ការស្នើសុំចូលរួមជាអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតក្នុងនីតិកាលទី៧នេះនឹងមានចំនួនច្រើនជាងមុនបើធៀបទៅនឹងការបោះ ឆ្នោតនីតិកាលទី៦ ខណៈប្រកាសបិទបញ្ចប់ការស្នើសុំរបស់អ្នកសង្កេតការណ៍ជាតិនឹងធ្វើនៅថ្ងៃទី១២ កក្កដា និងអ្នកសង្កេតការណ៍អន្តរជាតិនាថ្ងៃទី១៩ កក្កដា។
អ្នកនាំពាក្យរូបនេះបានបន្តថា គ.ជ.ប.បានបណ្តុះ បណ្តាលនិងកំណត់ពីតួនាទីភារកិច្ចរបស់អ្នកសង្កេតការណ៍ទាំងអស់ដែលមកពីជាង ១០០ស្ថាប័ន ស្មើនឹងជាង៨ម៉ឺននាក់បានយ៉ាងត្រឹមត្រូវ ដើម្បីធានាថាអ្នក សង្កេតការណ៍ទាំងអស់អនុវត្តដោយក្រមសីលធម៌ និងជាសាក្សីរស់ក្នុងការឃ្លាំមើលនៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាពេលខាងមុខនេះ។
លោក ហង្ស ពុទ្ធា បានអំពាវនាវដល់អ្នកសង្កេតការណ៍ជាតិ ក៏ដូចជាអ្នកសង្កេតការណ៍អន្តរជាតិ ត្រូវបំពេញកាត្វកិច្ចប្រកបដោយភាពត្រឹមត្រូវទៅតាមច្បាប់សំដៅឆ្លុះបញ្ចាំងដល់កិច្ចសហការល្អរវាងមន្រ្តីបោះឆ្នោតជា មួយអ្នកសង្កេតការណ៍គ្រប់រូប។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយ មានគណបក្សនយោបាយចំនួន១៨ ខណៈតួលេខនៃប្រជាពលរដ្ឋមានសិទ្ធិ បោះឆ្នោតដែលត្រូវចូលរួម មានជាង៩ លាន៧សែននាក់, ការិយាល័យដែលត្រូវបម្រើដល់ការបោះឆ្នោតនៅទូទាំងប្រទេសមានជាង២ម៉ឺនការិយាល័យ៕
ដោយ៖ សូរិយា