ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអ្នកស្រាវជ្រាវជាតិនិងអន្តរជាតិរកឃើញថា ឡដុតកុលាលភាជន៍នៅក្នុងតំបន់អង្គរ បានចាប់ដំណើរការតាំងពីពាក់កណ្តាលសតវត្សរ៍ទី១២មក

ចែករំលែក៖

ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យហាវ៉ៃ និងFlinders University ដោយប្រើឧបករណ៍វាស់ស្ទង់រករចនាសម្ពន្ធឡដុតកុលាលភាជន៍នៅខ្លោងទ្វារដីឆ្នាំងនៃអង្គរធំ បានរកឃើញថា មានឡដុតកុលាលភាជន៍ជាច្រើននៅជ្រុងពាយព្យនាភូមិនគរក្រៅ សង្កាត់គោកចក នៃក្រុងសៀមរាប ខេត្តសៀមរាប។ 

បណ្តុំក្រុមឡដុតកុលាលភាន៍ទាំងនោះ ស្ថិតនៅលើទួលធំវែងមួយកន្លែង ដែលលាតសន្ធឹងពីកើតទៅលិចប្រវែង២៣០ម៉ែត្រនិងទទឹងមានប្រវែង៨៤ម៉ែត្រ កម្ពស់ប្រហែល២,៧០ម៉ែត្រ។ ទួលនេះ សន្ធឹងស្របគ្នានិងកំពែងនៃកសិន្ធុទឹកភាគខាងជើងផ្នែកខាងលិចរបស់ខ្លោងទ្វារដីឆ្នាំងនៃអង្គរធំ មានចម្ងាយ១២៣ម៉ែត្រពីខ្លោងទ្វារដីឆ្នាំង។ 

លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ មានប្រសាសន៍ថា ក្រោយពីបានចុះពិនិត្យផ្ទៀងផ្ទាត់ និងស្រង់ទិន្នន័យបុរាណវិទ្យា ដោយក្រុមអ្នកស្រាវជ្រាវនៃនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានរកឃើញថាមានទួលឡដុតកុលាលភាន៍មានចំនួន២៥ដែលពុំទាន់មានការធ្វើកំណាយស្រាវជ្រាវ ដើម្បីបញ្ជាក់ថា ទីនេះជាអ្វីពិតប្រាកដនៅឡើយទេ គ្រាន់តែអ្នកស្រាវជ្រាវមួយចំនួនបានរើសយកអំបែងភាជន៍យកទៅសិក្សាតែប៉ុណ្ណោះ។ ទើបតែកាលពីឆ្នាំ២០២០ និងឆ្នាំ២០២២ ក្រុមអ្នកស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរា បានធ្វើកំណាយលើទួលឡនោះចំនួនពីរ ដើម្បីប្រមូលទិន្នន័យដែលអាចឱ្យអ្នកជំនាញបញ្ជាក់ថា ទីតាំងនេះជាអ្វីឱ្យពិតប្រាកដ?។ 

យោងតាមលទ្ធផល ដែលទទួលបានពីការធ្វើកំណាយទាំងពីរលើកកន្លងមក បញ្ជាក់ថា ទីតាំងនេះជាឡដុតកុលាលភាជន៍នៅក្នុងតំបន់អង្គរដែលចាប់ដំណើរការតាំងពីពាក់កណ្តាលសតវត្សរ៍ទី១២និងឈប់ដំណើរការនៅដើមសតវត្សរ៍ទី១៥នៃគ្រីស្តសករាជ។ ក្រុមអ្នក ស្រាវ ជ្រាវមានគោលបំណងពង្រីកការស្រាវជ្រាវពីបណ្តុំឡដុតកុលាលភាជន៍នេះឱ្យបានវែងឆ្ងាយទៅទៀត ហើយថ្មីៗនេះ អ្នកស្រាវជ្រាវនៃនាយកដ្ឋានស្រាវជ្រាវបណ្តុះ បណ្តាលនិងផ្សព្វផ្សាយអាជ្ញាធរជាតិអប្សរាសហការជា មួយសាកលវិទ្យាល័យហាវ៉ៃ និង FlindersUniversity បានប្រើឧបករណ៍វិទ្យាសាស្ត្រទំនើបដើម្បីវាស់ស្ទង់រករចនាសម្ពន្ធឡដុតកុលាលភាជន៍នៅតំបន់ទ្វារដីឆ្នាំងនៃអង្គរធំនេះ ដោយប្រើឧបករណ៍ Magnetometer ដើម្បីស្វែងរកសញ្ញាណម៉ាញ៉េទិកនៃរចនាសម្ពន្ធឡ។ 

ក្រុមអ្នកស្រាវជ្រាវបានចាត់ទុកថា ទិន្នន័យដែលទទួលបានពីការវាស់ស្ទង់នេះ គឺមានសារសំខាន់សម្រាប់អ្នក ជំនាញយកធ្វើជាមូលដ្ឋានក្នុងការធ្វើកំណាយស្រាវជ្រាវឡដុតកុលាលភាជន៍នៅតំបន់នេះតទៅថ្ងៃមុខទៀត៕

ដោយ៖ សូរិយា


ចែករំលែក៖