ខេត្តប៉ៃលិន៖ តាមប្រភពព័ត៌មានពីនគរបាលនៃអធិការដ្ឋានស្រុកសាលាក្រៅបានឱ្យដឹងថា នៅវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយយុវជនម្នាក់បើកបរម៉ូតូដួលខ្លួនឯង ស្ថិតនៅចំណុចផ្លូវកោង ក្នុងភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្តាលឱ្យរងរបួសធ្ងន់ និងខូចខាតម៉ូតូ០១គ្រឿង (កម្រិតស្រាល)។
នគរបាលស្រុកដដែលបានបន្តថា ជនរងគ្រោះឈ្មោះ កែវ រតនៈ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរដូនតាលើ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (រងរបួសធ្ងន់បាក់ជើងខាងឆ្វេង) បើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខប៉ៃលិន 1D-0601។
ករណីនេះបណ្តាលមកពីកត្តាមនុស្សបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន និងកត្តាផ្លូវថ្នល់(កោងខ្លាំង) ទើបបណ្តាលឱ្យការបើកបរមានគ្រោះថ្នាក់។
បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកវត្ថុតាងត្រូវបានប្រគល់ជូនសាច់ញាតិដើម្បីរក្សាទុក៕
ដោយ៖ ស សារ៉េត