ខេត្តកំពង់ឆ្នាំង៖ ជនឱកាសនិយមមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង នៅតែបន្តលួចឆក់ឱកាសចូលឈូសឆាយទន្ទ្រានដីព្រៃលិចទឺក(ដីតំបន់ ៣) របស់រដ្ឋយ៉ាងសកម្មនៅតាមតំបន់មួយចំនួនស្ថិតក្នុងទឹកដីនៃស្រុកកំពង់ លែង ខេត្តកំពង់ឆ្នាំង។ បើទោះជាសមត្ថកិច្ចនិងអាជ្ញាធរខិតខំប្រឹងប្រែងសហការគ្នា ក្នុងការចុះទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពបទល្មើសផ្សេងៗ ជាពិសេគឺសកម្មភាពបទល្មើសនៃការលួចយកគ្រឿងចក្រចូលឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹករបស់រដ្ឋធ្វើជាកម្មសិទ្ធិ។
ជាក់ស្ដែងកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ កន្លង ទៅនេះបន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ មន្ត្រីជំនាញរដ្ឋបាលជលផល ដឹកនាំដោយលោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះពិនិត្យទៅលើទីតាំងដីព្រៃលិចទឹករបស់រដ្ឋមួយកន្លែងនៅចំណុចយាយភាជ ស្ថិតក្នុងឃុំច្រណូក ស្រុកកំពង់លែង។ ខណៈនោះមន្ត្រីជំនាញបាន ឃើញសកម្មភាពគ្រឿងចក្រកំពុងធ្វើសកម្មភាពឈូសឆាយជាក់ស្ដែងចំនួន៣គ្រឿងនៅចំណុចខាងលើនេះផងដែរ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីរដ្ឋបាលជលផលដែលបានចូលរួមក្នុងការចុះពិនិត្យសកម្មភាពឈូសឆាយ ដីព្រៃលិចទឹករបស់រដ្ឋនៅចំណុចខាងលើនេះ។
ករណីដែលនៅតែមានក្រុមជនឆក់ឱកាសមួយចំនួនលួចចូលឈូសឆាយទន្ទ្រានដីព្រៃលិចទឹករបស់រដ្ឋ ម្ដងហើយម្ដងទៀត លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងកបានប្រាប់អ្នក កាសែតនៅព្រឹកថ្ងៃទី ១០ ខែកក្កដានេះឲ្យដឹងថា ករណី នេះលោកគ្រាន់តែបានទទួលដំណឹងតាមប្រព័ន្ធផ្សព្វ ផ្សាយរបស់បណ្ដាញសង្គមមួយចំនួនតែប៉ុណ្ណោះដោយលោកពុំទាន់ទទួលបានរបាយការណ៍ពីមន្ត្រីជំនាញរបស់លោកច្បាស់លាស់នៅឡើយនោះទេ មកដល់ថ្ងៃ ច័ន្ទទី១០ ខែកក្កដានេះ។ លោកនឹងរង់ចាំមើលរបាយ ការណ៍ពីមន្ត្រីជំនាញរបស់លោកសិនប្រសិនបើរកឃើញមានការចូលឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋដូចដែលព័ត៌មានបានចុះផ្សាយពិតមែន លោកនឹងសុំគោល ការណ៍ពីលោកអភិបាលខេត្តដើម្បីរៀបចំគណៈកម្មការចម្រុះចុះពិនិត្យ ទីតាំងភូមិសាស្ត្រខាងលើនេះនឹងទីតាំងមួយចំនួនទៀតស្ថិតក្នុងចំណុចក្បែរៗគ្នានោះ។
បន្ទាប់មកលោកនឹងអនុវត្តទៅតាមនីតិវិធីច្បាប់ដោយ ទី១.រៀបចំរបាយការណ៍បញ្ជូនទៅតុលាការ, ទី២-លោកនឹងធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ដើម្បីនាំខ្លួនយកមកអនុវត្តទោសតាមនីតិវិ ធីរបស់តុលាការដោយមិនមានការលើកលែងទៀតនោះឡើយ ព្រោះនេះមិន មែនត្រឹមតែផ្គើនជាមួយនឹងច្បាប់តែប៉ុណ្ណោះទេ ថែម ទាំងបានប្រឆាំងយ៉ាងធ្ងន់ធ្ងរជាមួយនឹងបទបញ្ជារបស់សម្ដេចតេជោទៀតផង។
ដោយឡែកលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ក៏បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាននៅថ្ងៃ ទី១០ ខែកក្កដានេះ ឱ្យដឹងផងដែរថា ករណីនេះលោកគ្រាន់តែបានទទួលសេចក្តីរាយការណ៍ពីលោកនាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំង ជាសង្ខេបខ្លះៗហើយ។ ក្នុង សេចក្តីរាយការណ៍នោះ បានបញ្ជាក់ថា មន្ត្រីជំនាញរបស់លោកបានរកឃើញភូមិសាស្ត្រនៃការឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋដែលមានទំហំនៃការខូចខាតដីតំបន់បីជាដីព្រៃលិចទឹករបស់រដ្ឋ រហូតជាង៥០ហិកតា ក្នុងនោះមន្ត្រីជំនាញរបស់លោកក៏បានរឹបអូសបានវត្ថុតាងមានម៉ូតូចំនួន៣គ្រឿងដែលជនសង្ស័យបានបន្សល់ទុកនៅកន្លែងកើតហេតុផងដែរ។
លោកបានបញ្ជាក់ទៀតថា ករណីនេះលោកកំពុងរង់ចាំរបាយការ ណ៍លំអិតពីលោកនាយផ្នែករដ្ឋបាលជលផលសិន បន្ទាប់ពីទទួលបានរបាយការណ៍ហើយ លោកនឹងរៀបចំរបាយការណ៍មួយទៀត ដើម្បីបញ្ជូនទៅតុលាការតាមរយៈលោកប្រធានមន្ទីរកសិកម្មខេត្ត ។ ចំណែកជន ល្មើសនិងអ្នកពាក់ព័ន្ធលោកក៏នឹងមិនឲ្យរួចខ្លួនផងដែរ ដោយសារតែមន្ត្រីជំនាញរបស់លោកមានវត្ថុតាងនៅក្នុងដៃស្រាប់ ហើយ សម្រាប់ការស្រាវជ្រាវវែកមុខរកជន ល្មើសយកមកផ្ដន្ទាទោសទៅតាមច្បាប់។
ជុំវិញករណីខាងលើនេះ លោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំង ដែលបានដឹកនាំកម្លាំងចុះ ទៅពិនិត្យទី តាំងដែលជនល្មើសបានលួចចូលឈូសឆាយបំផ្លិចបំផ្លាញដីព្រៃលិចទឹករបស់រដ្ឋខាងលើនេះ បានប្រាប់អ្នកកាសែតតាមទូរស័ព្ទនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នេះឲ្យដឹងផងដែរថា ករណីខាងលើនេះបន្ទាប់ពីលោកទទួលបានបទបញ្ជាពីលោកប្រធានមន្ទីរកសិកម្ម លោកក៏បានដឹកនាំកម្លាំងចុះ ទៅពិនិត្យនិងចុចរកលេខកូដនិយាមកានៅលើទីតាំងដីនោះ។ ជាក់ស្ដែង ជាលទ្ធផលរកឃើញថា ដីនោះជាដីព្រៃលិចទឹករបស់រដ្ឋ(ដីតំបន់៣)ស្ថិតក្នុងចំណុចយាយភាជ ក្នុងភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែងដែលត្រូវបានគេលួចឈូសឆាយអស់ទំហំប្រមាណ៥២.៩៦ ហិកតា។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះដែរលោកក៏បានឃើញគ្រឿងចក្រចំនួន ៣ គ្រឿងកំពុងធ្វើសកម្មភាព តែនៅពេលដែលឃើញក្រុមសមត្ថកិច្ចរបស់លោកចុះទៅដល់ ពួកគេក៏បានបើកគ្រឿងចក្រគេចអស់ ដោយបន្សល់ទុកនៅម៉ូតូចំនួន៣ គ្រឿងដែលជារបស់ក្រុមជនសង្ស័យខាងលើនេះនៅ កន្លែងកើតហេតុ៕
ដោយ៖ សូរិយា