ព័ត៌មានទាន់ហេតុការណ៍៖

សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា! បុរសម្នាក់បានស្លាប់ភ្លាមៗខណៈជួបគ្រោះថ្នាក់រវាងម៉ូតូនឹងរថយន្ត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងដោយសារជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤៤ចន្លោះគីឡូម៉ែត្រលេខ៥-៦ត្រង់ចំណុចភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៩យប់ថ្ងៃទី១០ខែកក្កដាឆ្នាំ២០២៣។

នគរបាលមូលដ្ឋានបានឱ្យដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BG-4951 បើកពីលិចទៅកើតដោយឈ្មោះផល សុខជា ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិកោះរុន ឃុំតាសាល ស្រុកឱរ៉ាល់ លុះមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូមួយគ្រឿងម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ1M-2586ដែលបើកពីកើតទៅលិច បើកបរដោយជនរងគ្រោះឈ្មោះ ពាំង ណាន់ ភេទប្រុស អាយុ២៨ឆ្នាំរស់នៅភូមិឯកភាព ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ពេញទំហឹងបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

ប្រភពបានបន្តទៀតថា ក្រោយកើតហេតុអ្នកបើកបររថយន្តបានឈប់រថយន្តហើយចុះរត់គេចខ្លួនបាត់ស្រមោល។

សពជនរងគ្រោះបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកវត្ថុតាងបានយកមករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តកំពង់ស្ពឺដើម្បីដោះស្រាយតាមនីតិវិធី៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖