លោក Trump បាននិយាយថា លោកប្រធានាធិបតី Biden កំពុងអូសសហរដ្ឋអាមេរិកចូលទៅក្នុង “សង្គ្រាមលោកលើកទី៣” ដោយការសម្រេចចិត្តបញ្ជូនអាវុធដ៏ចម្រូងចម្រាសដូចជាគ្រាប់បែកចង្កោមទៅកាន់អ៊ុយក្រែន។
យោងតាមសារព័ត៌មាន The Hill កាលពីថ្ងៃទី១១ ខែកក្កដា (ម៉ោងក្នុងតំបន់) អតីតប្រធានាធិបតីអាមេរិក Donald Trump បានរិះគន់កិច្ចព្រមព្រៀងរបស់រដ្ឋបាលបច្ចុប្បន្នក្នុងការបញ្ជូនគ្រាប់បែកចង្កោមទៅកាន់អ៊ុយក្រែន។
លោក Trump បាននិយាយថា “Biden មិនគួរអូសយើងចូលទៅក្នុងសង្គ្រាមលោកលើកទី៣ ទេ គាត់គួរតែរកវិធីដើម្បីបញ្ចប់ជម្លោះ មិនមែនធ្វើឱ្យវាកាន់តែធំឡើងនោះទេ។ អាវុធដូចជាគ្រាប់បែកចង្កោមនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតមនុស្ស ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក លោក Trump ក៏បានជំទាស់នឹងការបន្តរបស់រដ្ឋាភិបាលអាមេរិកក្នុងការបញ្ជូនសព្វាវុធគ្រប់ប្រភេទទៅកាន់ប្រទេសអ៊ុយក្រែនដែរ។ លោក Trump បានបន្ថែមថា “យើងមិនគួរចោលឃ្លាំងស្តុករបស់យើង ហើយបញ្ជូនវាទៅអ៊ុយក្រែនទេ។ ប្រសិនបើអ្វីដែលលោក Biden កំពុងនិយាយគឺជាការណ៍ពិត យើងត្រូវរកវិធីដើម្បីកាត់បន្ថយជម្លោះជាបន្ទាន់” ។
ការអត្ថាធិប្បាយរបស់លោក Trump បានកើតឡើងបន្ទាប់ពីលោក Biden បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN ថា សហរដ្ឋអាមេរិកកំពុងបញ្ជូនគ្រាប់បែកចង្កោមទៅកាន់អ៊ុយក្រែន ដោយសារតែមិនមានគ្រាប់កាំភ្លើងធំ ១៥៥ មិលី្លម៉ែត្រនៅសល់។
ខាងភាគីរុស្ស៊ី រដ្ឋមន្ត្រីការពារជាតិ Sergei Shoigu បាននិយាយថា ទីក្រុងមូស្គូនឹងចាត់វិធានការតបតសមស្រប ប្រសិនបើទីក្រុងវ៉ាស៊ីនតោនបានបញ្ជូនគ្រាប់បែកចង្កោមទៅកាន់ទីក្រុងកៀវ។ លោក Shoigu អះអាងថា យោធារុស្ស៊ីក៏មានគ្រាប់បែកចង្កោមច្រើនដែរ ហើយពួកវាមានប្រសិទ្ធភាពជាងអាវុធរបស់អាមេរិកទៅទៀត៕
ដោយ៖ ធីរីណា(រូបថត៖ AP)