ភ្នំពេញ ៖ ចាប់ខ្លួនទៀតហើយប្រធានក្រុមហ៊ុន”រ៉ាកាន នាហ្គា ខេមបូឌា ឯ.ក”ជាថៅកែប្រមូលទិញមើមដំឡូងមី បញ្ជូនទៅ កាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២៣ ពាក់ព័ន្ធពីបទ.រំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ។
ជនសង្ស័យឈ្មោះ នៅ សារី ភេទប្រុស អាយុ៤៩ ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរ ប្រធានក្រុមហ៊ុន “រ៉ាកាន នាហ្គា”ស្នាក់នៅផ្ទះលេខ១០ ផ្លូវបេតុង ភូមិ២ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ការចាប់ខ្លួនប្រធានក្រុមហ៊ុនខាងលើនេះ ដោយកម្លាំងសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ជាការអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក សេង រិទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ.រំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ដែលជនសង្ស័យបានប្រព្រឹត្តបទល្មើសនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ហើយក៏មានដីកាបង្គាប់ឲ្យចាប់ខ្លួនមួយទៀតនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ។ សំណុំរឿងបានស្ថិតនៅលោក សេង រិទ្ធី ចៅក្រមស៊ើបសួរ កំពុងបើកការស៊ើបសួរតាមនីតិវិធី ។
សូមរម្លឹកថា ជនសង្ស័យឈ្មោះ នៅ សារី ត្រូវបានសមត្ថកិច្ចនគរបាល ធ្លាប់ចាប់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ២០២២ ហើយពេលនោះក៏ត្រូវបានដោះលែងវិញ ។ ហើយកាន់តែច្បាស់ទៅទៀតឈ្មោះ នៅ សារី ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសហីនុ ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចខេត្តកំពង់ឆ្នាំង កាលរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ និងបានបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី ពេលនោះតុលាការខេត្តបានក៏សម្រេចចេញដីកាឃុំខ្លួន ។ អង្គហេតុបណ្តាលឲ្យមានការឃុំខ្លួន ឈ្មោះ នៅ សារី ដោយប្រជាកសិករបានចោទប្រកាន់ថា ជាមេឈ្មួញបោកប្រាស់ម្នាក់ ដែលចុះប្រមូលទិញមើមដំឡូងមីស្រស់ ពីប្រជាកសិករ នៅតាមបណ្តាខេត្តនានា មិនឲ្យលុយទៅម្ចាស់ដំឡូងទេ ថែមទាំងគេចវេសមិនព្រមចូលខ្លួនដោះស្រាយជាមួយកសិករនោះឡើយ ។
សូមរម្លឹកទៀតថា មានប្រជាពលរដ្ឋជាច្រើននាក់នៅតាមបណ្តាខេត្តនានា បានចាញ់បោកឈ្មួញឈ្មោះ នៅ សារី ដែលចុះទៅប្រមូលទិញមើមដំឡូងមី ពីពួកគាត់ហើយមិនឱ្យលុយ ដែលមេឈ្មួញម្នាក់នោះ បានជួលទីតាំងព្រលានយន្តហោះនៅក្នុងខេត្តកំពង់ឆ្នាំង ជាមូលដ្ឋានទ័ពអាកាស សម្រាប់ហាលនិងស្តុកមើម ដំឡូងសម្រាប់លក់បន្ត និង បានយកឈ្មោះមេបញ្ជាការទ័ពអាកាស នៅទីនោះមកការពារ “កាង” មុខរបរខ្លួនទៀតផង ។
ទើបកាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ មានប្រជាពលរដ្ឋប្រមាណ២០ នាក់ មកពីខេត្តពោធិសាត់ ខេត្តព្រៃវែង និង ខេត្តកំពង់ចាម បាននាំគ្នាទៅទារលុយពីមេឈ្មួញម្នាក់នោះ នៅទីតាំងព្រលានយន្តហោះខេត្តកំពង់ឆ្នាំង ដោយបាននាំគ្នាឈរកាន់បដាស្រែកទាមទារឲ្យមន្រ្តីពាក់ព័ន្ធជួយអន្តរាគមន៍ផងដែរ ។
ពេលនោះប្រជាពលរដ្ឋបានឲ្យដឹងថា លុយដែលឈ្មោះ នៅ សារី ជំពាក់ពួកគាត់ក្នុងម្នាក់ៗ ចំនួនរាប់ពាន់ដុល្លារអាមេរិក ហើយមានរយៈពេលរាប់ខែនិងខ្លះទៀតរាប់ឆ្នាំមកហើយ ទោះបីពួកគាត់នាំ គ្នាតាមទារជាច្រើនលើក ក៏ឈ្មោះ នៅ សារី និង ប្រពន្ធមិនសងដែរ ហើយមានប្រជាពលរដ្ឋជាច្រើននាក់រស់នៅក្នុងភូមិ ស្រុកជាមួយ ក៏ត្រូវឈ្មោះ នៅ សារី បោកប្រាស់ទីញមើមដំឡូងមីមិនឱ្យលុយដូចគ្នាដែរ ។ យោងតាមពាក្យបណ្តឹងរបស់ប្រជាកសិករ ដែលបានប្តឹងឈ្មោះ នៅ សារី នោះហើយទើបត្រូវសមត្តកិច្ចចាប់ខ្លួន និងឃុំខ្លួនជនសង្ស័យនៅខេត្តកំពង់ឆ្នាំង ប៉ុន្តែសំណុំរឿងនោះក្រោយមកត្រូវបានបញ្ចប់ និងស្ងប់ស្ងាត់ ។ ចំណែកការចាប់ខ្លួនឈ្មោះ នៅ សារី ដោយនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ពេលនេះជាការអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ.រំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពោលគឺទំនងលោកប្រធានក្រុមហ៊ុន “រ៉ាកាន នាហ្គា ខេបូឌា ឯ.ក”ប្រើប្រាស់មូលប្បទានប័ត្រគ្មានសាច់ប្រាក់ ដែលហៅថាសែកស្អុយ ទៀតផង ៕
ដោយ ៖ រ៉ារ៉ា