ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមបត់ត្រឡប់ក្រោយ មិនប្រយ័ត្នត្រូវម៉ូតូធុនធំមួយគ្រឿងទៀតបុកពេញទំហឹងបណ្តាលឲ្យរងរបួសបាក់ជើងម្ខាង រីឯភាគីម៉ូតូធំលេីកម៉ូតូជិះរត់គេចបាត់ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលា១១និង១៥នាទីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ជិតច្រកចូលទីលានចាក់សំរាមស្ទឹងមានជ័យចាស់ តាមបណ្តោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់វ័យជាង៦០ឆ្នាំ ជិះម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CQ 9846 ធ្វើដំណើរតាមបណ្ដោយផ្លូវ ២១៧ទិសដៅពីកេីតទៅលិច លុះមកចំណុចកេីតហេតុ ក៏បានបត់ឆ្វេងត្រឡប់ក្រោយវិញ ហើយគាប់ជួនពេលនោះដែរ ក៏ស្រាប់តែបុរសម្នាក់ទៀត បានជិះម៉ូតូធុនធំមិនស្គាល់ម៉ាក និងស្លាកលេខ បានជិះបោះពួយតាមបណ្ដោយផ្លូវ ២១៧ទិសដៅបញ្ច្រាសគ្នា ពីលិចទៅកើត ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកនឹងម៉ូតូ ហុងដាឌ្រីម ចំពាក់កណ្ដាលម៉ូតូយ៉ាងពេញទំហឹង បណ្ដាលឲ្យ ភាគីខាងម៉ូតូ ហុងដាឌ្រីម រងរបួសបាក់ខ្នងជេីងចេញឆ្អឹងមកក្រៅ ហូរឈាមដេកដួលនៅកន្លែងកេីតហេតុ ។
ដោយឡែកខាងម៉ូតូធុនធំរងរបួសតិចតួច បានលេីកម៉ូតូជិះរត់គេចបាត់ស្រមោលតែម្តងទៅ ។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូត្រូវបានសម្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ រង់ចាំបងប្អូនយកឯកសារមកទទួលយកទៅវិញ ៕
ដោយ៖សុខាសែនជ័យ