ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងសាកល្បងមីស៊ីលអន្តរទ្វីប សហរដ្ឋអាមេរិក ជប៉ុននិងកូរ៉េខាងត្បូងរួមគ្នាថ្កោលទោស

ចែករំលែក៖

មូលហេតុដែលធ្វើឱ្យកូរ៉េខាងជើងបង្កើនសព្វាវុធការពារជាតិ ក៏ដោយសារតែការគំរាមកំហែងពីអាមេរិកនិងកូរ៉េខាងត្បូងដែលបន្តធ្វើសមយុទ្ធអត់ឈប់ឈរគំរាមកំហែងដល់កូរ៉េខាងជើង ។ មិនតែប៉ុណ្ណោះអាមេរិកបានបញ្ជូនអាវុធទំនើបៗទៅក្បែរកូរ៉េខាងជើងទៀត ជាហេតុផលដែលកូរ៉េខាងជើងសាកល្បងអាវុធទំនើបៗអត់ឈប់ឈរ។
សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៣បានផ្សាយថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូងនិងជប៉ុនបានរួមគ្នាថ្កោលទោសការបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប (ICBM) មួយគ្រាប់របស់កូរ៉េខាងជើង ដោយចាត់ទុកថាវាជាការគំរាមកំហែងធ្ងន់ធ្ងរជាមួយការសន្យាថានឹងធ្វើការជាមួយសហគមន៍អន្តរជាតិដើម្បីរឹតបន្តឹងទណ្ឌកម្មប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមចេញផ្សាយកាលពីថ្ងៃសុក្រទី១៤ ខែកក្កដា សម្ព័ន្ធមិត្តទាំង៣ក៏បានបញ្ជាក់ដែរថានឹងជំរុញឱ្យមានការរាំងខ្ទប់ប្រភពប្រាក់ចំណូលខុសច្បាប់របស់កូរ៉េខាងជើង តាមរយៈពលករចំណាកស្រុកនិងការវាយប្រហារព័ត៌មានវិទ្យា ដែលពួកគេអះអាងថាត្រូវបានរបបដឹកនាំលោក គីម ជុងអ៊ុន ប្រើប្រាស់សម្រាប់ការផ្គត់ផ្គង់ការអភិវឌ្ឍកម្មវិធីអាវុធ។
សេចក្ដីថ្លែងការណ៍ខាងលើត្រូវបានធ្វើឡើងក្រោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបពិភាក្សាជាមួយសមភាគីជប៉ុន និងកូរ៉េខាងត្បូងរបស់លោកនាឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្នុងប្រទេសឥណ្ឌូណេស៊ី។ កូរ៉េខាងជើង កាលពីថ្ងៃពុធកន្លងទៅនេះ បានអះអាងពីការធ្វើតេស្ដបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលបាលិស្ទីគអន្តរទ្វីប (ICBM) ប្រើឥន្ធនៈរឹងឈ្មោះ Hwasong-18៕ ដោយ៖ ធីរីណា

រូប​ថត​៖ KCNA


ចែករំលែក៖